ដូណាល់ ត្រាំ គំរាមកម្ទេចអ៊ីរ៉ង់ឱ្យហ្មត់ បើមិនព្រមចុះចាញ់ចរចាសន្តិភាព
N
Nary Vann
21 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានផ្ញើសារព្រមានធ្ងន់ៗ និងគួរឱ្យរន្ធត់ទៅកាន់មេដឹកនាំអ៊ីរ៉ង់ ដោយបញ្ជាក់ថា រដ្ឋធានីតេហេរ៉ង់ ត្រូវតែប្រញាប់រកកិច្ចព្រមព្រៀងសន្តិភាព បើមិនដូច្នោះទេ «នឹងមិនមានអ្វីសេសសល់សម្រាប់ពួកគេឡើយ»...

  លោក ដូណាល់ ត្រាំ
  លោក ដូណាល់ ត្រាំ

លោក ត្រាំ បានសរសេរសារនៅលើបណ្ដាញសង្គម Truth Social របស់លោកថា៖«សម្រាប់អ៊ីរ៉ង់ ពេលវេលាកំពុងដើរទៅមុខហើយ! ពួកគេគួរតែប្រញាប់ឡើង ព្រោះពេលវេលាគឺជារឿងសំខាន់បំផុត!»។ ការព្រមាននេះ ធ្វើឡើងចំពេលសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ កំពុងជាប់គាំងក្នុងសង្រ្គាមដ៏រ៉ាំរ៉ៃ ចាប់តាំងពីកងទ័ពសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល បើកការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំទៅលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅ។ សង្រ្គាមនេះ បានធ្វើឱ្យមានការបិទខ្ទប់ច្រកសមុទ្ទហ័រមូស្ស ជាផ្លូវទឹកដឹកជញ្ជូនប្រេងដ៏សំខាន់របស់ពិភពលោក បណ្ដាលឱ្យតម្លៃថាមពលសកលហក់ឡើងខ្ពស់ និងបានទាញប្រទេសជិតខាងដូចជា អ៊ីស្រាអែល និងលីបង់ ឱ្យធ្លាក់ចូលក្នុងជម្លោះដ៏សាហាវជាមួយគ្នាផងដែរ។

រហូតមកដល់ពេលនេះ រដ្ឋាភិបាលអ៊ីរ៉ង់ បានបដិសេធមិនព្រមទទួលយកលក្ខខណ្ឌសន្តិភាពរបស់លោក ដូណាល់ ត្រាំ ឡើយ ដោយពួកគេទាមទារឱ្យមានការឈប់បាញ់ជាអចិន្ត្រៃយ៍ នៅក្នុងប្រទេសលីបង់ជាមុនសិន។ ទោះបីជាមានការព្រមព្រៀងពន្យារពេលឈប់បាញ់គ្នារវាងអ៊ីស្រាអែល និងក្រុមហេបូឡាហ៍ (Hezbollah) ក៏ដោយ ក៏ការវាយប្រហារនៅតែបន្តកើតមាន ដោយកាលពីចុងសប្តាហ៍មុន ក្រុមហេបូឡាហ៍ បានបាញ់គ្រាប់រ៉ុក្កែតប្រហែល២០០គ្រាប់ចូលទឹកដីអ៊ីស្រាអែល ខណៈការវាយប្រហារតបវិញរបស់អ៊ីស្រាអែលនៅភាគខាងត្បូងលីបង់ បានសម្លាប់មនុស្ស៥នាក់ ក្នុងនោះមានកុមារ២នាក់ផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត