
រដ្ឋធានីវ៉ាស៊ីនតោន៖ លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃទី១៨ ខែឧសភាថា លោកបានបញ្ជាឱ្យកងទ័ពសហរដ្ឋអាម៉េរិកផ្អាកគម្រោងវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ ដែលបានគ្រោងទុកវិញ បន្ទាប់ពីទទួលបានសំណើរសន្តិភាពថ្មីមួយពីរដ្ឋធានីតេហេរ៉ង់...។

ប៉ុន្មានថ្ងៃមុន ប្រមុខសេតវិមានរូបនេះបានប្រើវោហារសាស្ត្រសង្រ្គាមក្ដៅគគុក ដោយព្រមានថា សហរដ្ឋអាម៉េរិកនឹងបើកការវាយប្រហារកម្ទេចរដ្ឋធានីតេហេរ៉ង់នៅថ្ងៃអង្គារនេះហើយ ព្រោះតែរបបសាធារណរដ្ឋឥស្លាមមួយនេះ នៅតែមានចរិតរឹងរូស មិនព្រមចូលខ្លួនមកកាន់តុចរចាដើម្បីចុះកិច្ចព្រមព្រៀងសន្តិភាពថ្មី តាមការចង់បានរបស់សហរដ្ឋអាម៉េរិក។ ការសម្រេចចិត្តបែរក្បាលទូកវិញទាំងតក់ក្រហល់នេះ កើតឡើងបន្ទាប់ពីមានការស្នើសុំពីមេដឹកនាំនៃប្រទេសកាតា អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម (UAE) ដែលបានជឿជាក់ថា អ៊ីរ៉ង់នឹងព្រមព្រៀងលើលក្ខខណ្ឌដែលអាចទទួលយកបានសម្រាប់សហរដ្ឋអាម៉េរិក និងបណ្ដាប្រទេសនៅមជ្ឈិមបូព៌ា។

ទោះជាយ៉ាងណា លោក ត្រាំ បានសង្កត់ធ្ងន់ថា លោកបានបញ្ជាឱ្យកងទ័ពត្រៀមលក្ខណៈរួចជាស្រេច ដើម្បីបើកការវាយប្រហារទ្រង់ទ្រាយធំភ្លាមៗ ប្រសិនបើការចរចាមិនអាចឈានទៅរកកិច្ចព្រមព្រៀងដែលសហរដ្ឋអាម៉េរិកទទួលយកបាននោះទេ។ ស្របពេលជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក អ៊ីស្ម៉ាអែល បាហ្គេអ៊ី (Esmaeil Baghaei) ក៏បានបញ្ជាក់ដែរថា រដ្ឋធានីតេហេរ៉ង់បានផ្ញើទស្សនៈរបស់ខ្លួនទៅកាន់ភាគីសហរដ្ឋអាម៉េរិក រីឯប្រភពពីប្រទេសប៉ាគីស្ថាន (ដែលជាអ្នកជួយសម្របសម្រួលបញ្ជូនសារ) បានបង្ហើបថា ការចរចានេះមានភាពស្មុគស្មាញខ្លាំង ដោយសារភាគីទាំងសងខាងតែងតែផ្លាស់ប្ដូរលក្ខខណ្ឌចង់បានរបស់ខ្លួន។

បច្ចុប្បន្ន លោក ដូណាល់ ត្រាំ កំពុងរងសម្ពាធយ៉ាងខ្លាំងក្នុងការស្វែងរកកិច្ចព្រមព្រៀង ដើម្បីបញ្ចប់សង្រ្គាមដែលលោកបានចាប់ផ្ដើមកាលពីខែកុម្ភៈ ដើម្បីបើកច្រកសមុទ្ទហ័រមូស្សឡើងវិញ និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដល់សេដ្ឋកិច្ចពិភពលោក។ ទោះបីជាការផ្អាកវាយប្រហារនេះ ផ្ដល់ដង្ហើមខ្លះៗដល់ការចរចាក៏ដោយ ប៉ុន្តែអ្នកសម្របសម្រួលប៉ាគីស្ថាន បានព្រមានថា មិនមានពេលវេលាច្រើននោះទេ ព្រោះសង្គ្រាមអាចនឹងផ្ទុះឡើងវិញគ្រប់វិនាទី ខណៈភ្លើងសង្គ្រាមត្រូវបានពន្លត់ជាបណ្ដោះអាសន្ន។ សំណួរដ៏ធំដែលពិភពលោកកំពុងចោទសួរនោះគឺ តើរបបបព្វជិតរបស់អ៊ីរ៉ង់នឹងព្រមឱនក្បាលដើរចូលតុចរចាដោយសន្តិវិធី ឬក៏គ្រាន់តែជាការផ្អាក ដើម្បីត្រៀមលក្ខណៈសងសឹកគ្នាទ្រង់ទ្រាយធំជាងមុន នៅពេលក្រោយ?...៕


