មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ចាត់ទុកការបង្អើលឆ្កែខាំ និងព្រួតវា.យ.ស.ម្លា.ប់សត្វប្រើសញីផើមវង្វេងចូលភូមិ ជាអំពើខុសច្បាប់
អុន សម្ផស្ស
2 ម៉ោងមុន

ក្រុងពោធិ៍សាត់៖ មន្ទីរបរិស្ថាន និងអាជ្ញាធរខេត្តពោធិ៍សាត់ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦នេះ បានប្រកាសថ្កោលទោសចំពោះទង្វើរបស់ក្រុមបុគ្គលអគតិ ដែលធ្វើសកម្មភាពបង្អើលឆ្កែដេញ និងព្រួតវាយសម្លាប់សត្វប្រើសញីមានកូនក្នុងពោះ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ថាជាអំពើអមនុស្សធម៌ និងខុសច្បាប់...។ 

តាមរយៈសេចក្តីប្រកាសព័ត៌មាន មន្ទីរបរិស្ថានបានលើកឡើកឡើងថា បន្ទាប់ពីទទួលបានដំណឹងករណីសត្វប្រើសញីផើម ១ក្បាល ទម្ងន់១១០គីឡូក្រាមវង្វេងចូលមក ក្នុងភូមិ«ប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង» ហើយត្រូវបានបុគ្គលអគតិមួយចំនួនព្រួតដៃគ្នាវាយ និងបង្អើសឆ្កែដេញ បណ្ដាលឱ្យសត្វព្រៃផ្អើលរត់បុករបងលួសមុតសាច់ និងត្រូវឆ្កែខាំរហូតដល់ងាប់យ៉ាងព្រៃផ្សៃក្នុងចម្ការដំឡូងមី។ មន្ទីរបរិស្ថានចាត់ទុកសកម្មភាពនេះ ជាសកម្មភាពអមនុស្សធម៌ មិនត្រឹមតែជាការបំផ្លិចបំផ្លាញសម្បត្តិធនធានធម្មជាតិ និងសត្វព្រៃ(សត្វប្រើស) ដែលជាសត្វស្ថិតក្នុងប្រភេទងាយរងគ្រោះ ក្នុងបញ្ជី IUCN Red List ប៉ុណ្ណោះទេ ប៉ុន្តែវាជាអំពើខុសច្បាប់ ក្នុងក្រមបរិស្ថានយ៉ាងធ្ងន់ធ្ងរ។ ករណីនេះ មន្ទីរបរិស្ថានបញ្ជាក់ថា៖«បច្ចុប្បន្ន អាជ្ញាធរកំពុងធ្វើការស្រាវជ្រាវ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន»

ជាមួយគ្នា មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ អាជ្ញាធរមូលដ្ឋាន បាននិមន្តព្រះសង្ឃ ធ្វើកិច្ចបង្សុកូលឧទ្ទិសកុសលផលបុណ្យដល់សត្វប្រើសញី និងកូនដ៏កម្សត់ ដែលស្ថិតនៅវត្តប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ដើម្បីឱ្យដួងវិញ្ញាណសត្វប្រើសញី និងកូន បានយោនយកកំណើតនៅឯភពថ្មីកុំបីឃ្លាតឡើយ។ បន្ថែមលើនេះ អាជ្ញាធរសមត្ថកិច្ចពក់ព័ន្ធទាំងអស់ បានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋ ក្នុងករណីប្រទះឃើញមានសត្វព្រៃវង្វេងចូលក្នុងភូមិ ត្រូវចូលរួមការពារ ថែរក្សា និងរាយការណ៍បន្ទាន់មកកាន់មន្ត្រីបរិស្ថាន ឬអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ដើម្បីសង្គ្រោះពួកវាឱ្យបានទាន់ពេលវេលាជៀសវាងការបង្ករបួសស្នាម ឬសម្លាប់សត្វព្រៃដោយអចេតនា និងចេតនាទៅតាមជំនឿអរូបី ឬមួយក៏ដើម្បីយកទៅទទួលទាន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត