
ក្រុងបាត់ដំបង៖ នៅទីបំផុត ការពិតត្រូវបានលាតត្រដាង ជនល្មើសក្នុងសំណុំរឿងគ្រោះថ្នាក់ចរាចណ៍រថយន្តបើកបុកមនុស្សស្លាប់នៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ គឺជា លោក សយ បូរ៉ា ម្ចាស់ផ្សារ ហេង ឆៃលី ជាអ្នកបើកបរពិតប្រាកដ។ នេះបើតាមការស៊ើបអង្កេត លើកទី២ របស់ក្រុមការងារចម្រុះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ...។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ បានបញ្ជាក់ថា ក្រោយមានការផ្សព្វផ្សាយនៅលើបណ្តាញសង្គម ចោទប្រកាន់មកលើសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក ថាមិនបានអនុវត្តនូវភារកិច្ចស្របតាមនីតិវិធីច្បាប់ ពោលគឺកសាងសំណុំរឿងហាក់មានភាពមិនប្រក្រតី ដោយសារជនបង្កពិតប្រាកដ បានទម្លាក់កំហុសទៅបុគ្គលឈ្មោះ សើ សាន់ណាវី ដើម្បីទទួលទោសជំនួសទៅវិញ។ បន្ទាប់ពីទទួលបានដំណឹងនេះ ក្រុមការងាររបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះមកធ្វើការសហការជាមួយសមត្ថកិច្ចមូលដ្ឋានរហូតឈានដល់ចាប់ខ្លួនបុគ្គលឈ្មោះ សើ សាន់ណាវី បញ្ជូនមកកាន់ការិយ៉ាល័យជំនាញ ដើម្បីធ្វើការសាកសួរលម្អិតអំពីករណីខាងលើនេះ។ ទោះជាយ៉ាងណា បន្ទាប់ពីធ្វើការសាកសួរតាមជំនាញសមត្ថកិច្ចនគរបាលយុត្តិធម៌ និងកត់កំណត់ហេតុរួច បុគ្គលឈ្មោះ សើ សាន់ណាវី បានឆ្លើយសារភាពថា រូបគាត់មិនបានជាប់ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍នោះទេ ប៉ុន្តែខ្លួនគាត់ផ្ទាល់ត្រូវបានឈ្មោះ សយ បូរ៉ា ជាអ្នកឱ្យទទួលរឿងនេះជំនួស។

ក្រោយបញ្ជប់ការសាកសួរ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង បានអនុញ្ញាតឱ្យឈ្មោះ សើ សាន់ណាវី វិលត្រឡប់ទៅកាន់លំនៅឋានវិញជាធម្មតា។ រីឯជនបង្កឈ្មោះ សយ បូរ៉ា ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង ចេញដីកាបង្គាប់ឱ្យនាំខ្លួនពីបទបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្ដាលឱ្យស្លាប់អ្នកដទៃ។ ទន្ទឹមនឹងនេះដែរ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានសង្កត់ធ្ងន់ថា ក្នុងករណីដែលចៅក្រមស៊ើបសួររកឃើញថា មន្ត្រីនគរបាលដែលអនុវត្តលើករណីខាងលើដោយពុំត្រឹមត្រូវតាមជំនាញតាមវិជ្ជាជីវៈដែលច្បាប់បានចែងនោះទេ ច្បាស់ណាស់ មន្ត្រីអនុវត្តច្បាប់នោះ នឹងត្រូវអនុវត្តច្បាប់ដោយភាពស្មើគ្នា ទាំងមន្ត្រីរាជការទាំងប្រជាពលរដ្ឋទូទៅ...៕(Sics)






