
ក្រុងបាត់ដំបង៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងលោកស្រី វ្លាដេនកា អង់ដ្រេវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា, លោកស្រី ហ្សាវយ៉ាន ចៀន (Xiaoyan Qian) នាយិកាអង្គការ ILO ប្រចាំកម្ពុជា ឡាវ និងថៃ ព្រមទាំងតំណាងដៃគូអភិវឌ្ឍន៍ជាច្រើនទៀត បានចុះទស្សនកិច្ចដំណើរការកម្មវិធីការធ្វើតេស្ដទទួលស្គាល់ជំនាញពីមុន (RPL) ដើម្បីសង្កេតមើលការអនុវត្តជាក់ស្តែង សម្រាប់អតីតពលករក្នុងការបំប្លែងពីបទពិសោធទៅជាវិញ្ញាបនបត្រឱ្យទទួលបានការងារ និងចំណូលកាន់តែល្អប្រសើរ...។

ក្នុងដំណើរទស្សនកិច្ចកាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង (BIT) រដ្ឋមន្រ្តីការងារ និងដៃគូអភិវឌ្ឍន៍ បានសាទរពីភាពជោគជ័យនៃការអនុវត្តសាកល្បងកម្មវិធី RPL ដែលបំប្លែងពីបទពិសោធរាប់ឆ្នាំទៅជាវិញ្ញាបនបត្រសម្រាប់អតីតពលករពីប្រទេសថៃ។ បើតាម លោក ហេង សួរ ចាប់តាំងពីដាក់ឱ្យអនុវត្តជាផ្លូវការនាពេលថ្មីៗនេះ អតីតពលករពីប្រទេសថៃជិត១០០នាក់ (ស្រី៧នាក់) ទទួលបានវិញ្ញាបនបត្រពីកម្មវិធី RPL នៅវិទ្យាស្ថាន BIT ដែលវាពិតជាសំខាន់ និងមានអត្ថប្រយោជន៍ទាំងពេលបច្ចុប្បន្ន និងអនាគត ធ្វើឱ្យពួកគាត់កាន់តែមានជំនឿចិត្តលើការងារខ្លួនឯងកាន់តែខ្លាំង ជាពិសេស មានឱកាសទទួលបានប្រាក់ឈ្នួលកាន់តែខ្ពស់។

រដ្ឋមន្រ្តីការងារអះអាងថា វិញ្ញាបនបត្រនេះ អាចនឹងធ្វើឱ្យកន្លែងការងារកាន់តែជឿទុកចិត្ត ព្រមទាំងពិចារណាផ្ដល់ជាកម្រៃបន្ថែមដល់ពួកគាត់។ ចំណែកអ្នកមានវិញ្ញាបនបត្រហើយទៅប្រកបមុខរបរដោយខ្លួនឯង ដូចជាដុតនំជាដើម ក៏នឹងធ្វើឱ្យអតិថិជនកាន់តែទទួលស្គាល់ ជឿទុកចិត្ត និងទទួលបានប្រាក់ចំណូលច្រើន ហើយភាពជោគជ័យនេះ ជាការរំឭកដ៏មានអត្ថន័យថា ជំនាញដែលកើតចេញពីការខិតខំ និងបទពិសោធជាក់ស្តែង គឺជាទ្រព្យសម្បត្តិដ៏សំខាន់ៗ ដែលសមនឹងទទួលបានការទទួលស្គាល់ជាផ្លូវការពេញលេញ។ ក្នុងឱកាសនោះ តំណាង UN ប្រចាំកម្ពុជា, អង្គការ ILO និងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) សុទ្ធតែបានសម្ដែងការអបអរសាទរចំពោះអ្នកទទួលបានវិញ្ញាបនបត្រទាំងអស់ និងដាក់ក្ដីស្រីសង្ឃឹមថា និយោជករបស់ពួកគាត់នឹងឱ្យតម្លៃដល់ការធ្វើតេស្តនេះ ហើយទាំងអតីតពលករ និងកម្មករផ្សេងទៀត ក៏អាចចូលរួមការធ្វើតេស្តផងដែរ៕






