
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ក្រសួងព័ត៌មាន បានរៀបចំកម្មវិធីបើកយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយជំហានទី២ បន្ទាប់ពីជំហានទី១ បានបិទបញ្ចប់។ យុទ្ធនាការលើកទី១ និងលើកទី២ មានរយៈពេល១ឆ្នាំដូចគ្នា។

សម្រាប់យុទ្ធនាការលើកទី២ ទិសដៅសំខាន់បំផុត គឺការអប់រំប្រជាពលរដ្ឋទូទៅ ពិសេសយុវជន និងសិស្សានុសិស្សតែម្តង ឱ្យយល់ពីព័ត៌មាន និងការផ្សព្វផ្សាយ ដើម្បីអាចដឹងថា មួយណាជាព័ត៌មានពិត មួយណាជាព័ត៌មានក្លែងក្លាយ។ ធ្វើជាអធិបតីក្នុងពិធីបើកយុទ្ធនាការលើកទី២នេះ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានហៅផ្តល់ការចំណេះដឹងដល់យុជនអំពីព័ត៌មាន និងការផ្សព្វផ្សាយ ថាការពង្រឹង «អក្ខរកម្មព័ត៌មាន» ដល់ពួកគេ។

លោក លើកឡើងពីគោលគំនិតសំខាន់ៗមួយចំនួន ដែលត្រូវអប់រំយុវជនឱ្យចេះពិនិត្យមើលព័ត៌មាន រួមមាន៖ តើស្ថាប័ន ដែលផ្សព្វផ្សាយព័ត៌មាន មានឈ្មោះ និងរចនាចសម្ព័ន្ធដឹកនាំត្រឹមត្រូវដែរទេ? តើការផ្សព្វផ្សាយ មានប្រភពត្រឹមត្រូវដែរឬទេ? តើ ការផ្សព្វផ្សាយនោះ សមហេតុផលដែរឬទេ? បន្ទាប់មក លោករដ្ឋមន្រ្តី ក៏ជំរុញដូច្នេះថា«យើងមានភាពចាំបាច់ ដែលស្ថាប័នរដ្ឋ ប្រពន្ធផ្សព្វផ្សាយឯកជន សមាគម ក៏ដូចជាអ្នកផលិតមាតិកា ត្រូវផ្តោតសំខាន់មួយផ្នែកនៃការផលិត និងការផ្សព្វផ្សាយរបស់យើង គឺតម្រង់ទិសទៅលើយុវវ័យ...»។

ក្រៅពីជួយយុវជនឱ្យយល់ដឹងពីព័ត៌មានក្លែងក្លាយ លោក នេត្រ ភក្រ្តា មើលឃើញទៀតថា ការអប់រំ និងការផ្តល់ចំណេះដឹងនេះ ក៏អាចជួយពួកគេឱ្យប្រើប្រាស់ទូរសព្ទ និងបច្ចេកវិទ្យាឌីជីថល បានត្រឹមត្រូវក្នុការការសិក្សារបស់ពួកគេផងដែរ។ ផ្ទុយមកវិញ បើមិនជួយតម្រង់ទិសពួកគេទេ ពួកគេអាចនឹងប្រើប្រាស់បច្ចេកវិទ្យាខុសផ្លូវ និងប្រាសចាកពីការសិក្សា។

លោក បន្តថា ព័ត៌មានក្លែងក្លាយ បង្កគ្រោះថ្នាក់ដល់សង្គមជាតិ ហើយដើម្បីលុបលំបាត់ព័ត៌មានក្លែងក្លាយ ចំណុចសំខាន់មួយ គឺការផ្សព្វផ្សាយ និងការអប់រំប្រជាពលរដ្ឋ ពិសេសយុវជន។ «ដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ គឺត្រូវផ្សព្វព័ត៌មានពិតឱ្យបានច្រើន» នេះជាពាក្យដែលលោករដ្ឋមន្រ្តីផ្តាំផ្ញើដល់ប្រព័ន្ធផ្សព្វផ្សាយ។

ក្នុងយុទ្ធនាការលើកទី១ ក្រៅពីប្រើប្រាស់ប្រ័ពន្ធផ្សព្វផ្សាយ ក្រសួងព័ត៌មាន បានសហការជាមួយអាជ្ញាធររាជធានី-ខេត្តទូទាំងប្រទេស ក្នុងការចុះធ្វើយុទ្ធនាការផ្ទាល់ ដើម្បីផ្សព្វផ្សាយអំពីការប្រឆាំងព័ត៌មានក្លែងក្លាយ និងការអប់រំប្រជាពលរដ្ឋឱ្យយល់ដឹងពីអំពីព័ត៌មាន។ ក្រសួងព័ត៌មាន នៅបន្តធ្វើដូច្នេះដដែល សម្រាប់យុទ្ធនាការលើកទី២នេះ៕




