
រាជធានីឌូបៃ៖ ក្នុងវិធានការដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រថាមពល សហភាពអារ៉ាប់រួម (UAE) បានប្រកាសកាលពីថ្ងៃទី២៨ ខែមេសាថា ខ្លួននឹងដើរចេញពីអង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធ OPEC+ ចាប់ពីថ្ងៃទី១ ខែឧសភាតទៅ។

ការសម្រេចចិត្តនេះ បានក្លាយជាការវាយប្រហារយ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពនៃក្រុមប្រទេសផលិតប្រេង និងឥទ្ធិពលរបស់អារ៉ាប៊ីសាអូឌីត ខណៈពិភពលោកកំពុងស្ថិតក្នុងវិបត្តិថាមពលដ៏ធ្ងន់ធ្ងរបំផុតដោយសារសង្រ្គាមជាមួយអ៊ីរ៉ង់ ធ្វើឱ្យការផ្គត់ផ្គង់ប្រេងតាមច្រកសមុទ្ទហ័រមូស្សត្រូវបានកាត់ផ្ដាច់។ រដ្ឋមន្ត្រីថាមពលអារ៉ាប់រួម លោក ស៊ូហ៊ែល មហាមេដ អាល-ម៉ាហ្ស្រ៊ូអ៊ី (Suhail Mohamed al-Mazrouei) បានបញ្ជាក់ថា នេះគឺជាការសម្រេចចិត្តផ្អែកលើផលប្រយោជន៍ជាតិសុទ្ធសាធ ដើម្បីផ្ដល់ភាពបត់បែនដល់អារ៉ាប់រួមក្នុងការបង្កើនផលិតកម្មប្រេង និងឧស្ម័នឱ្យស្របតាមតម្រូវការពិភពលោកនាពេលអនាគត ដោយមិនចាំបាច់រង់ចាំការកំណត់កូតាពីអង្គការ OPEC ទៀតឡើយ។

យុទ្ធសាស្ត្រដកខ្លួននេះ ត្រូវបានគេមើលឃើញថា ជា«មហាជ័យជម្នះ» សម្រាប់ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ដែលកន្លងមកតែងរិះគន់អង្គការ OPEC ថា បានសមគំនិតគ្នាដំឡើងថ្លៃប្រេង និងកេងប្រវ័ញ្ចលើពិភពលោក។ លោក ត្រាំ ធ្លាប់បានដាក់សម្ពាធយ៉ាងខ្លាំងដោយផ្សារភ្ជាប់ជំនួយយោធារបស់សហរដ្ឋអាម៉េរិក ទៅនឹងតម្លៃប្រេង ហើយការដើរចេញរបស់អារ៉ាប់រួមដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់វ៉ាស៊ីនតោន នៅតំបន់ឈូងសមុទ្ទ បានសបញ្ជាក់ថា ឥទ្ធិពលរបស់ ត្រាំ កំពុងរុះរើរបៀបវារៈសេដ្ឋកិច្ចចាស់ៗនៅមជ្ឈិមបូព៌ា។ លើសពីនេះ ការសម្រេចចិត្តរបស់អារ៉ាប់រួម ក៏បានទម្លាយឱ្យឃើញនូវការប្រេះឆាយ៉ាងខ្លាំងនៃសម្ព័ន្ធភាពជាប្រវត្តិសាស្ត្ររវាងអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត បន្ទាប់ពីរាជធានីអាប៊ូដាប៊ី រិះគន់បណ្ដាប្រទេសអារ៉ាប់ដទៃទៀត ថា មានភាពទន់ជ្រាយខាងនយោបាយ និងយោធា ក្នុងការការពារខ្លួនពីការវាយប្រហាររបស់អ៊ីរ៉ង់ ក្នុងអំឡុងសង្រ្គាម។

អ្នកវិភាគថាមពលសកលបានព្រមានថា បើគ្មានអារ៉ាប់រួម អង្គការ OPEC នឹងបាត់បង់អំណាចក្នុងការគ្រប់គ្រងទីផ្សារយ៉ាងខ្លាំង ព្រោះអារ៉ាប់រួម គឺជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចបំផុតដែលមានសមត្ថភាពផលិតប្រេងលើស ដើម្បីរក្សាលំនឹងតម្លៃ។ ការដើរចេញនេះ នឹងអនុញ្ញាតឱ្យអារ៉ាប់រួមបង្កើនផលិតកម្មប្រេងរហូតដល់ ៣០ភាគរយ ដែលជាការត្រៀមលក្ខណៈសម្រាប់តម្រូវការដ៏មហិមានៅពេលដែលច្រកសមុទ្ទហ័រមូស្ស ត្រូវបានបើកឡើងវិញ។ ទោះបីជាតម្លៃប្រេងបច្ចុប្បន្នកំពុងស្ថិតក្នុងកម្រិតខ្ពស់ដោយសារសង្រ្គាម ប៉ុន្តែការបាត់បង់សាមគ្គីភាពក្នុងចំណោមប្រទេសអ្នកមានប្រេងនៅតំបន់ឈូងសមុទ្ទ នឹងធ្វើឱ្យទីផ្សារថាមពលសកលនាពេលអនាគត កាន់តែមានភាពមិនច្បាស់លាស់ និងប្រែប្រួលខ្លាំង។ វានឹងក្លាយជាបញ្ហាប្រឈមថ្មីសម្រាប់សេដ្ឋកិច្ចពិភពលោក ដែលកំពុងតែផុយស្រួយស្រាប់៕


