ក្តីសង្ឃឹមបញ្ចប់សង្រ្គាមរលត់បាត់ទៅវិញ ក្រោយ ត្រាំ គ្រវីក្បាលបដិសេធសំណើអ៊ីរ៉ង់
N
Nary Vann
8 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បានសម្រេចចិត្តលុបចោលដំណើរទស្សនកិច្ចរបស់ក្រុមបេសកជនជាន់ខ្ពស់ ទៅកាន់ប្រទេសប៉ាគីស្ថាន ដើម្បីចរចាសន្តិភាពជាមួយអ៊ីរ៉ង់ កាលពីទី២៥ ខែមេសា ដោយលោកបញ្ជាក់យ៉ាងច្បាស់ៗថា គ្មានប្រយោជន៍នឹងទៅអង្គុយជជែកពីរឿងដែលមិនបានការឡើយ។ យ៉ាងណាមិញ លោកបន្ថែមថា ការលុបចោលការចរចានេះ មិនមែនមានន័យថា សង្រ្គាមនឹងត្រូវផ្ទុះឡើងវិញភ្លាមៗនោះទេ...។

លោក ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ

លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា លោកបានសម្រេចចិត្តបោះបង់ដំណើរទស្សនកិច្ចរបស់កូនប្រសារ គឺលោក ជេរេដ ខូស្នឺ (Jared Kushner) និងបេសកជនពិសេស លោក ស្ទីវ វិតខូហ្វ (Steve Witkoff) បន្ទាប់ពីទទួលបានសំណើដែល «មិនល្អគ្រប់គ្រាន់» ពីរដ្ឋធានីតេហេរ៉ង់។ ប្រធានាធិបតីរូបនេះ បន្ថែមថា ភ្លាមៗបន្ទាប់ពីលោកប្រកាសលុបចោលការចរចាបានតែ១០នាទីប៉ុណ្ណោះ ភាគីអ៊ីរ៉ង់ ក៏បានបញ្ជូនសំណើថ្មីមួយទៀតដែលលោកចាត់ទុកថា «ល្អជាងមុនឆ្ងាយ»។ លោកបានបញ្ជាក់ប្រាប់ទូរទស្សន៍ Fox News ថា៖«យើងមានសន្លឹកបៀរទាំងអស់នៅក្នុងដៃ។ ពួកគេអាចទូរសព្ទមកយើងពេលណាក៏បាន ប៉ុន្តែយើងមិនហោះ១៨ម៉ោង ដើម្បីទៅអង្គុយនិយាយរឿងឥតប្រយោជន៍ទៀតឡើយ»

ស្របពេលជាមួយគ្នា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស អារ៉ាឈី (Abbas Araghchi) បានបញ្ចប់ទស្សនកិច្ចនៅរដ្ឋធានីអ៊ីស្លាម៉ាបាដ បន្ទាប់ពីជួបពិភាក្សាជាមួយមេបញ្ជាការកងទ័ពប៉ាគីស្ថាន លោក អាស៊ីម មូនៀ (Asim Munir) និងនាយករដ្ឋមន្ត្រី ស៊ីបាស សារីហ្វ (Shehbaz Sharif) ដែលជាអ្នកសម្របសម្រួលដ៏សំខាន់។ លោក អារ៉ាឈី បានបង្ហាញមន្ទិលសង្ស័យ ចំពោះឆន្ទៈពិតប្រាកដរបស់រដ្ឋធានីវ៉ាស៊ីនតោន ដោយលើកឡើងថា៖«នៅមិនទាន់ឃើញថា សហរដ្ឋអាម៉េរិកពិតជាមានភាពប្រាកដប្រជា ចំពោះកិច្ចការការទូតនៅឡើយទេ»។ ទោះបីជាមានភាពរកាំរកូសលើតុចរចា ប៉ុន្តែនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក ស៊ីបាស សារីហ្វ បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការធ្វើជាស្ពានចម្លងដើម្បីស្វែងរកសន្តិភាពយូរអង្វែង រវាងមហាអំណាចទាំងពីរ ដើម្បីបញ្ចប់សង្រ្គាមដែលបានចាប់ផ្ដើមតាំងពីថ្ងៃទី២៨ ខែកុម្ភៈ កន្លងទៅ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត