
អន្តរខេត្ត៖ រយៈពេល៦ថ្ងៃ គិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ មន្រ្តីនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះត្រួតពិនិត្យរថយន្តដឹកលើសទម្ងន់កម្រិតកំណត់នៅខេត្តស្វាយរៀង ព្រៃវែង កំពង់ឆ្នាំង កណ្ដាល និងខេត្តពោធិ៍សាត់ រកឃើញចំនួន៧គ្រឿង…។

មន្រ្តីសាធារណការ គូសបញ្ជាក់ថា ក្រុមការងារចល័តចម្រុះ សហការជាមួយមន្រ្តីស្ថានីយជញ្ជីងព្រែកស្ដី ចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង មានចំនួន២គ្រឿង និងនៅឃុំទឹកហូត ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ចំនួន១គ្រឿង ខេត្តស្វាយរៀង ចំនួន១គ្រឿង និងខេត្តកណ្ដាល ចំនួន១គ្រឿង លើសទម្ងន់អនុញ្ញាត ចន្លោះពី៥តោនដល់២៥តោន។ ចំណែកក្រុមការងារពិសេស សហការជាមួយមន្រ្តីស្ថានីយឃ្លាំងមឿង ខេត្តពោធិ៍សាត់ ក៏បានចុះត្រួតពិនិត្យ និងបង្ក្រាបយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅលើផ្លូវជាតិលេខ៥៥ ចន្លោះគីទ្បូម៉ែត្រលេខ៣៨-៣៩ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ មន្រ្តីជំនាញរកឃើញរថយន្តចំនួន២គ្រឿង ផ្ទុកទម្ងន់សរុប៥៩តោន និង៦២តោន លើសទម្ងន់អនុញ្ញាត១៩តោន និង២២តោន។

ក្រុមការងារចល័ត នឹងបន្តចុះឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅទូទាំងប្រទេសដើម្បីទប់ស្កាត់ និងចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ដោយគ្មានការលើកលែង។ ជាមួយគ្នា មន្រ្តីសាធារណការសូមក្រើនរឭកដល់អ្នកបើកបរយានយន្តធុនធ្ងន់ទាំងអស់ ត្រូវចូលរួមគោរពច្បាប់ និងគោរពតម្រាយផ្លូវអនុញ្ញាតសម្រាប់យានយន្តចាប់ពីភ្លៅ៦ឡើង ដែលក្រសួងបានណែនាំឱ្យបានត្រឹមត្រូវ៕




