ប្រធានាធិបតីតៃវ៉ាន់ផ្ញើសារទៅលោក ត្រាំ និងលោក ស៊ី៖«តៃវ៉ាន់មិនមែនជាកូនអុក សម្រាប់យកទៅដោះដូរពាណិជ្ជកម្មឡើយ»
N
Nary Vann
2 ម៉ោងមុន

ទីក្រុងតៃប៉ិ៖ កម្ដៅនយោបាយនៅច្រកសមុទ្ទតៃវ៉ាន់  បានហក់ឡើងដល់ចំណុចពុះកញ្ជ្រោលជាថ្មីម្ដងទៀត បន្ទាប់ពីប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីងតេ (Lai Ching-te) ចេញមុខប្រកាសយ៉ាងដាច់អហង្កាថា ដែនកោះប្រជាធិបតេយ្យមួយនេះ «មិនមែនជាកូនអុកសម្រាប់លក់ដូរ ឬបូជា» នៅក្នុងល្បែងភូមិសាស្ត្រនយោបាយរបស់មហាអំណាចណាមួយឡើយ...។

លោក ឡៃ ឈីងតេ
លោក ឡៃ ឈីងតេ

ការចេញមុខមកថ្លែងសាររបស់លោក ឡៃ ឈីងតេ នាពេលនេះ គឺជាប្រតិកម្មផ្ទាល់លើកដំបូងបំផុត ចំពោះលទ្ធផលនៃជំនួបកំពូលរវាងប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅរដ្ឋធានីប៉េកាំងកាលពីសប្តាហ៍មុន។ ជំនួបមហាអំណាចទាំងពីរនោះ បានបង្កើតជាក្ដីបារម្ភយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋតៃវ៉ាន់ អំពីភាពមិនច្បាស់លាស់នៃការគាំទ្ររបស់សហរដ្ឋអាម៉េរិក មកលើកោះប្រជាធិបតេយ្យមួយនេះ។

ក្ដីបារម្ភនេះបានកើតឡើងភ្លាមៗបន្ទាប់ពីលោក ដូណាល់ ត្រាំ លើកឡើងថា លោកកំពុងពិចារណាឡើងវិញ ថាតើគួរតែបន្តការលក់អាវុធស៊េរីថ្មីឱ្យតៃវ៉ាន់ដែរឬទេ? ដោយសារតែសហរដ្ឋអាម៉េរិកមិនចង់ឱ្យភាគីណាមួយយកលេសថា មកពីមានសហរដ្ឋអាម៉េរិកនៅពីក្រោយខ្នង ហើយប្រកាសឯករាជ្យភ្លាមៗ ដែលអាចនាំឱ្យផ្ទុះសង្គ្រាមជាមួយចិន។ យ៉ាងណា នៅក្នុងកិច្ចសម្ភាសដ៏កម្រ និងមានលក្ខណៈយុទ្ធសាស្ត្រមួយ លោក ឡៃ ឈីងតេ បានសង្កត់ធ្ងន់ថា ការទិញអាវុធពីសហរដ្ឋអាម៉េរិក គឺជា «ការបង្ហាញពីការប្ដេជ្ញាចិត្តរួមគ្នា» ដើម្បីការពារសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ប្រធានាធិបតីរូបនេះ បានរំលឹករដ្ឋធានីវ៉ាស៊ីនតោនដោយវីរភាពថា ច្បាប់ស្តីពីទំនាក់ទំនងតៃវ៉ាន់ (Taiwan Relations Act) គឺជាកាតព្វកិច្ចផ្លូវច្បាប់ដ៏រឹងមាំរបស់អាម៉េរិកក្នុងការធានាថា តៃវ៉ាន់មានសមត្ថភាពការពារខ្លួនគ្រប់គ្រាន់ ពីការគំរាមកំហែងផ្នែកយោធារបស់រដ្ឋធានីប៉េកាំង។

អ្នកជំនាញមើលឃើញថា យុទ្ធសាស្ត្រវាយបកតាមសម្ដីរបស់មេដឹកនាំតៃវ៉ាន់លើកនេះ ធ្វើឡើងក្នុងគោលបំណងរំលឹកលោក ដូណាល់ ត្រាំ ថាការបោះបង់ ឬកាត់បន្ថយការគាំទ្រលើតៃវ៉ាន់ នឹងធ្វើឱ្យខូចខាតដល់កេរ្តិ៍ឈ្មោះ និងឥទ្ធិពលរបស់សហរដ្ឋអាម៉េរិកនៅលើឆាកអន្តរជាតិទាំងមូល។ ទន្ទឹមនឹងការប្រកាសមិនចុះញ៉មនឹងសម្ពាធសេដ្ឋកិច្ច ឬយោធា លោក ឡៃ ក៏បានបញ្ជាក់ជាថ្មីនូវជំហរដ៏រឹងមាំថា៖«តៃវ៉ាន់គឺជាប្រទេសឯករាជ្យដែលមានអធិបតេយ្យភាពផ្ទាល់ខ្លួន ហើយប្រជាជនតៃវ៉ាន់មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់សាធារណរដ្ឋប្រជាមានិតចិននោះឡើយ» នេះជាការដុតកំហឹងរដ្ឋធានីប៉េកាំងឱ្យកាន់តែឆេះសន្ធោសន្ធៅបន្ថែមទៀត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត