
រដ្ឋធានីប៉េកាំង៖ គ្រោះធម្មជាតិដ៏គួរឱ្យតក់ស្លុតមួយកើតឡើងនៅក្នុងប្រទេសចិន នាព្រឹកព្រលឹមថ្ងៃចន្ទទី១៨ ខែឧសភានេះ បន្ទាប់ពីការរញ្ជួយដីកម្រិត៥,២រ៉ិចទ័រ បានវាយប្រហារតំបន់ក្វាងស៊ី (Guangxi) ភាគនិរតីនៃប្រទេសចិន បណ្ដាលឱ្យអគារជាច្រើនរងការខូចខាត និងដួលរលំ ព្រមទាំងបង្ខំឱ្យពលរដ្ឋរាប់ពាន់នាក់រត់ភៀសខ្លួនចេញពីលំនៅឋានទាំងព្រលឹមស្រាងៗ...។

របាយការណ៍បឋមពីទូរទស្សន៍រដ្ឋចិន CCTV និងទីភ្នាក់ងារសារព័ត៌មានស៊ីនហួ (Xinhua) បញ្ជាក់ថា គ្រោះរញ្ជួយដីនេះបានបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់២នាក់បាត់បង់ជីវិត ម្នាក់កំពុងបាត់ខ្លួន និង៤នាក់ទៀតរងរបួស ត្រូវបានអាជ្ញាធរបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ នៅក្នុងទីក្រុងលីវចូវ (Liuzhou) មនុស្សជាង៧០០០នាក់ត្រូវបានបង្ខំចិត្តជម្លៀសចេញជាបន្ទាន់ ទៅកាន់ទីកន្លែងមានសុវត្ថិភាព ខណៈអគារចំនួន១៣ខ្នងបានដួលរលំខ្ទេចខ្ទីនៅក្នុងភូមិតៃយ៉ាង(Taiyang)។

អាជ្ញាធរផ្លូវដែកចិនក៏បានចេញការព្រមានពីការរអាក់រអួលនៃប្រព័ន្ធដឹកជញ្ជូនផងដែរ ដោយសារក្រុមបច្ចេកទេសត្រូវចុះពិនិត្យរចនាសម្ព័ន្ធ និងសុវត្ថិភាពនៃខ្សែរថភ្លើងនៅក្នុងតំបន់រងផលប៉ះពាល់បន្ទាន់។ ទោះជាយ៉ាងណាក៏ដោយ បណ្ដាញទំនាក់ទំនង ខ្សែភ្លើង ប្រព័ន្ធទឹកស្អាត ហ្គាស និងចរាចរណ៍ទូទៅនៅក្នុងតំបន់នោះ នៅតែអាចដំណើរការបានជាធម្មតា។ ពេលនេះ ប្រតិបត្តិការស្វែងរក និងសង្គ្រោះជនរងគ្រោះកំពុងត្រូវបានធ្វើឡើងយ៉ាងសកម្មបំផុត៕


