
ក្រុងសៀមរាប៖ ខ្លោងទ្វារខាងជើងនៃប្រាសាទមេបុណ្យខាងកើត ដែលរងការខូចខាតទ្រុឌទ្រោមយ៉ាងខ្លាំង ត្រូវបានក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា ចាប់ផ្តើមជួសជុសតាំងពីចុងឆ្នាំ២០២៥. មកដល់ពេលនេះ ដំណើរការជួសជុលសម្រេចបានប្រមាណជាង៥០ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់ក្នុងខែមេសា ឆ្នាំ២០២៦…។

លោក សូរ ប៉ោត ស្ថាបត្យករ និងបុរាណវិទូ គូសបញ្ជាក់ថា ខ្លោងទ្វារខាងជើងមានកម្រិតហានិភ័យខ្ពស់ ត្រូវជួសជុលបន្ទាន់ ដើម្បីទប់ស្កាត់ និងបញ្ចៀសការរលុះធ្លាក់នៃប្រាង្គ។ ក្រុមការងារផ្តោតសំខាន់ទៅលើការជួសជុលគ្រឹះ និងជញ្ជាំងថ្មបាយក្រៀម ដែលព័ទ្ធជុំវិញជារចនាសម្ព័ន្ធសម្រាប់ទ្រទ្រង់ដល់តួប៉មឥដ្ឋផ្នែកខាងលើ ក្នុងនោះក៏បានសម្អាតយកកំណកដីចេញពីតាមចន្លោះថ្នេរថ្ម និងកន្លែងប្រេះ រួចបិតបាយអឡើងវិញ ដើម្បីធានាមិនឱ្យទឹកជ្រាបចូល។ សម្រាប់ទីតាំងណាដែលថ្មនៅមានគុណភាពល្អ គឺរក្សាទុកដដែល លើកលែងតែថ្មអស់គុណភាព និងពុកផុយ ដែលត្រូវជំនួសដោយថ្មថ្មី ប៉ុន្តែត្រូវរក្សាទម្រង់ដើមទៅតាមបច្ចេកទេស។

គួរជ្រាបថា ប្រាសាទមេបុណ្យខាងកើត ជាប្រាសាទភ្នំមួយ ស្ថិតនៅចំកណ្តាលបារាយណ៍យសោធរតដាក (បារាយណ៍ខាងកើត)។ ប្រាសាទនេះ មានអាយុកាលចាស់ជាងប្រាសាទប្រែរូប កសាងឡើងក្នុងរជ្ជកាលព្រះបាទរាជេន្រ្ទវម៌្មទី២ នៅពាក់កណ្តាលសតវត្សរ៍ទី១០ ដើម្បីឧទ្ទិសថ្វាយបុព្វការីជន៕






