
រដ្ឋធានី៏វ៉ាស៊ីនតោន៖ ក្នុងពិពណ៌អាកាសចរណ៍ដ៏ធំមួយនៅមូលដ្ឋានទ័ពអាកាស Mountain Home Air Force ភាគខាងលិចរដ្ឋអាយដាហូ(Idaho) បានប្រែក្លាយជាទិដ្ឋភាពដ៏គួរឱ្យរន្ធត់ញាប់ញ័រ បន្ទាប់ពីយន្តហោះចម្បាំងល្បឿនលឿនប្រភេទ EA-18G Growler របស់កងទ័ពជើងទឹកសហរដ្ឋអាម៉េរិក២គ្រឿង បានហោះបុកគ្នាពេញទំហឹងនៅលើលម្ហអាកាសា រួចក៏ធ្លាក់ចុះមកដីផ្ទុះជាដុំភ្លើងឆេះយ៉ាងសន្ធោសន្ធៅ។ យ៉ាងណា អ្វីដែលធ្វើឱ្យគេភ្ញាក់ផ្អើលបំផុតនោះគឺ អ្នកបើកយន្តហោះទាំង ៤នាក់ អាចលោតចេញទាន់ពេល និងរស់រានមានជីវិតស្ទើរមិនគួរឱ្យជឿ...។

លោកស្រី អាមេលីយ៉ា អ៊ូម៉ាយ៉ាម (Amelia Umayam) អ្នកនាំពាក្យកងកម្លាំងទ័ពអាកាសនៃកងទ័ពជើងទឹកសហរដ្ឋអាម៉េរិកប្រចាំតំបន់ប៉ាស៊ីហ្វិក បានអះអាងថា យន្តហោះចម្បាំងប្រភេទ EA-18G Growler ចំនួន២គ្រឿង បានហោះបុកគ្នានៅកណ្តាលអាកាស កំលុងហោះហើរបង្ហាញសមត្ថភាព។ លោកស្រីបានបន្តថា ហេតុការណ៍ធ្លាក់នេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត។ ចំណែកមន្ត្រីប្រចាំមូលដ្ឋានទ័ពបានបញ្ជាក់ថា អាកាសយានិកទាំងអស់មិនគ្រោះថ្នាក់ដល់ជីវិតទេ ហើយមិនមានសេចក្តីរាយការណ៍ពីអ្នករងរបួសផ្សេងទៀតឡើយ។ ភ្លាមៗបន្ទាប់ពីមានគ្រោះថ្នាក់នេះ មូលដ្ឋានទ័ព បានប្រកាសបិទជាបន្ទាន់ ហើយកម្មវិធីពិពណ៌អាកាសចរណ៍ដែលនៅសេសសល់ត្រូវបានលុបចោលទាំងស្រុង។

វីដេអូដែលបង្ហោះតាមអ៊ីនធឺណិតបានបង្ហាញពីឆ័ត្រយោងចំនួន៤នៅលើមេឃ ខណៈយន្តហោះទាំង២បានធ្លាក់ចុះយ៉ាងលឿនមកដី ក្បែរមូលដ្ឋានទ័ពដែលមានចម្ងាយប្រហែល៨០គីឡូម៉ែត្រ ស្ថិតនៅភាគខាងត្បូងទីក្រុងប៊យស៊ី(Boise)។ សាក្សីបានរៀបរាប់ថា បានរៀបរាប់ថា វីដេអូបង្ហាញពីយន្តហោះទាំង២ បានបុកគ្នា រួចក៏វិកក្រឡាប់ចក្រពេញមេឃ ខណៈក្រុមនាវិកបានបើកឆ័ត្រយោងលោតចេញភ្លាមៗ ។ បន្ទាប់មក យន្តហោះទាំងពីរបានធ្លាក់ចុះមកជាមួយគ្នា រួចផ្ទុះជាដុំភ្លើងយ៉ាងសន្ធោសសន្ធៅនៅពេលបុកទង្គិចនឹងដី ចំណែកក្រុមនាវិកបានអណ្តែតចុះមកដីនៅក្បែរនោះ។

អ្នកជំនាញផ្នែកសុវត្ថិភាពអាកាសចរណ៍បានលើកឡើងថា ជាទូទៅ អាកាសយានិកកម្រនឹងមានឱកាសលោតចេញទាន់ពេលណាស់ ក្នុងករណីបុកគ្នាកណ្តាលអាកាសបែបនេះ។ សួមជម្រាបថា អាកាសយានិក ឬពីឡុតដែលហោះហើរបង្ហាញក្នុងពិរពណ៌អាកាសចរណ៍នេះ សុទ្ធតែជាអ្នកខ្លាំងបំផុត។ ជាចុងក្រោយ នាយកដ្ឋានឧតុនិយមជាតិបានរាយការណ៍ថា នៅពេលកើតហេតុ មេឃមានភាពស្រឡះល្អ ប៉ុន្តែមានខ្យល់បោកបក់ខ្លាំងរហូតដល់៤៧គីឡូម៉ែត្រក្នុងមួយម៉ោង៕




