
រដ្ឋធានីហ្សាការតា៖ អាជ្ញាធរឥណ្ឌូណេស៊ី ប្រកាសដំណឹងនៅថ្ងៃ១៧មេសានេះ ថា មនុស្សទាំង៨នាក់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្រមួយគ្រឿង បានបាត់បង់ជីវិតទាំងអស់ បន្ទាប់ពីយន្តហោះនោះ ធ្លាក់នៅក្នុងតំបន់ព្រៃក្រាស់នៃខេត្តកាលីម៉ាន់តាន់ខាងលិច (West Kalimantan)។

លោក ម៉ូហាម៉ាដ សាហ្វីអ៊ី (Mohammad Syafii) ប្រធានភ្នាក់ងារសង្គ្រោះបន្ទាន់ឥណ្ឌូណេស៊ី បានឱ្យដឹងថា ឧទ្ធម្ភាគចក្រប្រភេទ Airbus H130 (អ៊ែបឹស អេច១៣០) របស់ក្រុមហ៊ុន Matthew Air Nusantara (ម៉ាធ្យូ អ៊ែ នូសាន់ថារ៉ា) បានដាច់ការទាក់ទងតែ៥នាទីប៉ុណ្ណោះ បន្ទាប់ពីហោះចេញពីតំបន់ចម្ការកៅស៊ូ និងដូងប្រេងក្នុងស្រុក Melawi (មេឡាវី)។ ក្រុមអ្នកជួយសង្គ្រោះ បានរកឃើញបំណែកស្លាបកន្ទុយយន្តហោះ នៅចម្ងាយប្រមាណ៣គីឡូម៉ែត្រ ពីចំណុចដែលបានបាត់ដាន ប៉ុន្តែទីតាំងធ្លាក់ជាក់ស្ដែងស្ថិតនៅក្នុងតំបន់ភ្នំខ្ពស់ និងព្រៃក្រាស់ ដែលជាឧបសគ្គយ៉ាងខ្លាំងដល់ការធ្វើដំណើរ។

ជនរងគ្រោះដែលបានស្លាប់រួមមាន អ្នកដំណើរ៦នាក់ ហើយ២នាក់ទៀត អាចជាអ្នកបើក និងជំនួយការអ្នកបើក។ រហូតមកដល់ពេលនេះ មូលហេតុនៃការធ្លាក់នៅមិនទាន់ដឹងច្បាស់នៅឡើយទេ ខណៈកងកម្លាំងចម្រុះរួមមានយោធា និងប៉ូលិស កំពុងព្យាយាមចូលទៅកាន់ទីតាំងកើតហេតុតាមផ្លូវគោក ដើម្បីស្រង់យកសាកសព និងកម្ទេចកម្ទីយន្តហោះមកធ្វើកោសល្យវិច័យ។ យោងតាមព័ត៌មានបឋម ឧទ្ធម្ភាគចក្រនេះត្រូវបានជួលដោយក្រុមហ៊ុនដូងប្រេង Citra Mahkota (ស៊ីត្រា ម៉ាកូតា) សម្រាប់បេសកកម្មការងារនៅក្នុងតំបន់ដាច់ស្រយាល៕




