
រដ្ឋធានីហ្សាការតា៖ យ៉ាងហោចណាស់មនុស្ស៧នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង និងមនុស្ស៨១នាក់ផ្សេងទៀតបានរងរបួស នៅក្នុងគ្រោះថ្នាក់បុកគ្នារវាងរថភ្លើងពីរគ្រឿងយ៉ាងរន្ធត់ នៅស្ថានីយរថភ្លើងក្នុងទីក្រុងប៊េកាស៊ី Bekasi ស្ថិតនៅជាប់នឹងរដ្ឋធានីហ្សាការតា កាលពីយប់ថ្ងៃទី២៧ ខែមេសាម្សិលមិញ...។

យោងតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រុមហ៊ុនប្រតិបត្តិការរថភ្លើង ហេតុការណ៍នេះ កើតឡើងរវាងរថភ្លើងដឹកអ្នកដំណើរក្នុងក្រុង និងរថភ្លើងរត់ផ្លូវឆ្ងាយ។ ភ្លាមៗបន្ទាប់ពីគ្រោះថ្នាក់ ក្រុមជួយសង្គ្រោះ រួមជាមួយរថយន្តសង្គ្រោះបន្ទាន់យ៉ាងហោចណាស់២០គ្រឿង បានសម្រុកទៅកាន់កន្លែងកើតហេតុ ដើម្បីជម្លៀសអ្នកដំណើរ និងបុគ្គលិករថភ្លើងចេញពីគំនរបាក់បែក។ មន្ត្រីផ្លូវដែកឥណ្ឌូណេស៊ី បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា អ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរនោះបន្ទាន់។ ចំណែកអ្នកដំណើរទាំង ២៤០នាក់នៅលើរថភ្លើងផ្លូវឆ្ងាយ ត្រូវបានរាយការណ៍ថា មានសុវត្ថិភាពទាំងអស់ ប៉ុន្តែចំនួនអ្នករងគ្រោះនៅលើរថភ្លើងក្នុងក្រុង និងអ្នកនៅក្បែរនោះ មិនទាន់មានភាពច្បាស់លាស់នៅឡើយទេ។

ប្រតិបត្តិការសង្គ្រោះបានប្រព្រឹត្តទៅយ៉ាងលំបាក ដោយក្រុមអ្នកជំនាញត្រូវប្រើប្រាស់ម៉ាស៊ីនកាត់ដែក ដើម្បីកាត់ទម្លុះគ្រោងដែកនៃទូររថភ្លើងដែលខ្ទេចខ្ទី ដើម្បីស្រង់យកអ្នកដំណើរដែលជាប់គាំងនៅខាងក្នុងឱ្យមានជីវិត។ អនុប្រធានសភាឥណ្ឌូណេស៊ី លោក ស៊ុហ្វមី ដាសកូ អាមេដ (Sufmi Dasco Ahmad) ដែលបានចុះទៅដល់ទីតាំងកើតហេតុផ្ទាល់ បានសម្ដែងការសោកស្ដាយ និងព្រមានថា ចំនួនជនរងគ្រោះអាចនឹងបន្តកើនឡើងទៀត ខណៈការជម្លៀស និងការរុករកនៅមិនទាន់បញ្ចប់នៅឡើយ។ រហូតមកដល់ពេលនេះ មូលហេតុពិតប្រាកដដែលនាំឱ្យរថភ្លើងទាំងពីរគ្រឿងបុកគ្នាលើគន្លងផ្លូវតែមួយ មិនទាន់ត្រូវបានបញ្ជាក់ច្បាស់លាស់ទេ ប៉ុន្តែមេប៉ូលិសរដ្ឋធានីហ្សាការតាអះអាងថា អាជ្ញាធរកំពុងធ្វើការស៊ើបអង្កេតយ៉ាងហ្មត់ចត់បំផុត ដើម្បីស្វែងរកអ្នកទទួលខុសត្រូវ និងបង្ការកុំឱ្យគ្រោះថ្នាក់បែបនេះ កើតឡើងជាថ្មីទៀត៕




