ឥណ្ឌា រឹតចំណងការពារជាតិ និងថាមពលជាមួយអារ៉ាប់រួម
ហៀប ស៊ីថេត
21 ម៉ោងមុន

រដ្ឋធានីញូវដេលី៖ ក្រសួងការបរទេសឥណ្ឌា បានប្រកាសថា ឥណ្ឌា និងអេមីរ៉ាតអារ៉ាប់រួម បានព្រមព្រៀងគ្នាលើក្របខ័ណ្ឌសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រការពារជាតិ ខណៈប្រទេសទាំង២កំពុងស្វែងរកការពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ចំពេលមានសង្គ្រាមនៅអ៊ីរ៉ង់។

ប្រទេសទាំង២ ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបម្រុងទុកប្រេងជាយុទ្ធសាស្ត្រ និងការផ្គត់ផ្គង់ឧស្ម័នរាវផងដែរ ក្នុងកំលុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) ទៅកាន់ប្រទេសអារ៉ាប់រួម។ «ភាគីទាំង២ បានព្រមព្រៀងគ្នាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មការពារជាតិ នវានុវត្តន៍ និងបច្ចេកវិទ្យាកម្រិតខ្ពស់ ការបណ្ដុះបណ្ដាល ការធ្វើសមយុទ្ធ សន្តិសុខដែនសមុទ្ទ ការការពារសន្តិសុខតាមអ៊ីនធើណិត ការប្រាស្រ័យទាក់ទងប្រកបដោយសុវត្ថិភាព និងការផ្លាស់ប្ដូរព័ត៌មាន» នេះបើតាមក្រសួងការបរទេសឥណ្ឌា។ 

ការសម្រេចចិត្តរបស់អារ៉ាប់រួមក្នុងការចាកចេញពីអង្គការប្រេង OPEC កាលពីខែមេសា ត្រូវបានរំពឹងថានឹងជួយជំរុញទិន្នផលប្រេងរបស់ខ្លួន និងជួយដល់ប្រទេសនាំចូលប្រេងធំៗដូចជាឥណ្ឌាជាដើម ខណៈសង្គ្រាមនៅអ៊ីរ៉ង់បានធ្វើឱ្យទីផ្សារថាមពលក្រឡាប់ចាក់ តាមរយៈការបិទច្រកសមុទ្ទហ័រមូស្ស។ គេនៅចាំបានថា កាលពីខែមករាកន្លងទៅ រដ្ឋធានីញូវដេលី និងរដ្ឋធានីអាប៊ូដាប៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ៣ ពាន់លានដុល្លារអាម៉េរិក សម្រាប់ឥណ្ឌាក្នុងការទិញឧស្ម័នធម្មជាតិរាវពីអារ៉ាប់រួម ដែលជាដៃគូពាណិជ្ជកម្មធំជាងគេទី៣របស់ខ្លួន ព្រមទាំងលិខិតបង្ហាញឆន្ទៈក្នុងការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រការពារជាតិផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត