
រាជធានីបាងកក៖ បន្ទាប់ពីទាញទ្វាររបងព្រំដែនបិទជាឯកតោភាគី និងយោធាបើកការឈ្លានពានដែនអធិបតេយ្យកម្ពុជាស្រស់ៗ ពេលនេះ ធុរជនថៃកំពុងភ័យស្លន់ស្លោខ្លាចបាត់បង់ទីផ្សារធំរបស់ខ្លួននៅប្រទេសកម្ពុជា ស្របពេលដែលទំនិញវៀតណាម និងសិង្ហបុរី កំពុងចូលខ្លួនមកជំនួសទំនិញថៃ ខណៈពលរដ្ឋខ្មែរស្ទើរតែទូទាំងប្រទេស ប្តេជ្ញាពហិការលែងទិញទំនិញចោរឈ្លានពាន...។

លោក វរៈថ័ត ទាន់ទិមង្គលសុខ (วรทัต ตันติมงคลสุข) ប្រធានក្រុមប្រឹក្សាពាណិជ្ជកម្មថៃ-កម្ពុជា បានទម្លាយថា ការបន្តអូសបន្លាយនៃភាពតានតឹងនៅព្រំដែន បានធ្វើឱ្យទំនិញថៃបាត់បង់ប្រៀបប្រកួតប្រជែង លើការវាយលុកចូលទីផ្សារកម្ពុជា។ ជាក់ស្តែង ទិន្នន័យចុងក្រោយ បានបង្ហាញតួលេខដ៏គួរឱ្យភ្ញាក់ផ្អើល ដោយក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០២៦នេះ ពាណិជ្ជកម្មរវាងប្រទេសសិង្ហបុរី និងកម្ពុជា បានហក់ឡើងជាង២០០ភាគរយ ខណៈប្រទេសវៀតណាមកើនឡើងជាង២០ភាគរយ និងប្រទេសម៉ាឡេស៊ីកើនឡើងប្រហែល៣០ទៅ៤០ភាគរយ។ មូលហេតុចម្បងដែលធ្វើឱ្យផលិតផលថៃធ្លាក់កូដនៅលើទីផ្សារកម្ពុជា មិនត្រឹមតែដោយសារបញ្ហាភស្តុភារ និងការបិទព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ដោយសារតែ «អារម្មណ៍ជាតិនិយម» និងការមិនពេញចិត្តចំពោះទំនិញថៃពីសំណាក់ប្រជាជនកម្ពុជា ដែលវាបាននិងកំពុងក្លាយជាជញ្ជាំងដែកបាំងមុខទំនិញថៃ មិនឱ្យចូលទីផ្សារកម្ពុជាបានស្រួលដូចមុន។

ទន្ទឹមនោះ តាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្មថៃ អាជីវកម្មថៃ នៅតាមបណ្ដោយព្រំដែនជាប់កម្ពុជា ប្រហែល៣០ភាគរយ បានសម្រេចបិទទ្វាររួចទៅហើយ ដោយសារមិនអាចទ្រាំទ្រនឹងការចំណាយប្រតិបត្តិការខ្ពស់ និងផលិតផលខ្លួនគ្មានអ្នកទិញ។ រីឯការវិនិយោគសរុបរបស់ថៃនៅកម្ពុជា ដែលមានតម្លៃប្រមាណ៤ទៅ៥ពាន់លានដុល្លារ ក៏កំពុងស្ថិតក្នុងសភាពមាន់ដង្ហក់រកខ្យល់ដែរ ដោយក្រុមហ៊ុនលក់រាយ សណ្ឋាគារ និងភោជនីយដ្ឋានជាច្រើន បានចាប់ផ្ដើមផ្អាកសកម្មភាព ឬដាក់លក់អាជីវកម្មចោលដោយសារគ្មានអតិថិជនពីខាងកម្ពុជា។ ជារួមមក ភាពរង្គោះរង្គើនៃទំនាក់ទំនងរវាងប្រទេសទាំងពីរលើកនេះ បានធ្វើឱ្យសេដ្ឋកិច្ចថៃដាំក្បាលចុះ និងការពហិការរបស់ពលរដ្ឋកម្ពុជា បាននិងកំពុងផ្ដន្ទាទោសអ្នកវិនិយោគថៃយ៉ាងដំណំ។ ក្រុមធុរជនថៃ បានលើកឡើងបញ្ហានេះថា ប្រសិនបើរាជរដ្ឋាភិបាលថៃ នៅតែមិនប្រញាប់រកច្រកចេញតាមរយៈការចរចាឱ្យមានប្រសិទ្ធភាពទេនោះ ទីផ្សារកម្ពុជាដែលធ្លាប់តែជារបស់ថៃ នឹងត្រូវរបូតទៅក្នុងដៃអ្នកជិតខាងទាំងស្រុង ហើយពេលនោះ ស្ដាយក្រោយក៏ហួសពេលដែរ៕



