
រាជធានីភ្នំពេញ៖ បច្ចុប្បន្ន បច្ចេកវិទ្យាជឿនលឿន ព័ត៌មានក្លែងក្លាយក៏ច្រើន លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជំរុញឱ្យយុវវ័យសម័យថ្មី ក្រៅពីត្រូវតាមឱ្យទាន់បច្ចេកវិទ្យាសម្រាប់ជាប្រយោជន៍នៃការសិក្សា ហើយនោះ ត្រូវបង្កើតភាពធន់សម្រាប់ទប់ទល់នឹងប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីកុំឱ្យធ្លាក់ក្នុងអន្ទាក់ នៃពិភពឌីជីថល…។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន មានប្រសាស៍ថា ប្រឈមមុខនឹងហានិភ័យឌីជីថល និងព័ត៌មានក្លែងក្លាយក្នុងបរិយាកាសដែលបច្ចេកវិទ្យាមានការវិវត្តយ៉ាងរហ័ស យុវវ័យចាំបាច់ត្រូវអភិវឌ្ឍផ្នត់គំនិតតាមអភិក្រម «សុវត្ថិភាពព័ត៌មាន» ដែលទាមទារឱ្យចេះគិតពិចារណា និងការយល់ដឹងច្បាស់អំពីប្រព័ន្ធឌីជីថល មធ្យោបាយទទួលព័ត៌មាន ជំនួសឱ្យទម្លាប់នៃការទទួលយកព័ត៌មានដោយអកម្ម។ លោកបានណែនាំឱ្យសិស្សានុសិស្ស ត្រូវពង្រឹងខ្លួនឱ្យមានសមត្ថភាពក្លាយជាភ្នាក់ងារសុវត្ថិភាពព័ត៌មាន ដ៏រឹងមាំ ដើម្បីបន្សុទ្ធលម្ហព័ត៌មានក្នុងសង្គម ការពារគ្រួសារ និងសហគមន៍ពីហានិភ័យ និងគ្រោះថ្នាក់នៃការផ្សាយបំភ្លៃ បំផ្លើស ក្លែងបន្លំ និងបំពុលសង្គម។ លោកថ្លែងដូច្នេះ ក្នុងឱកាសសំណេះសំណាលជាមួយសិស្សានុសិស្សក្នុងឱកាសបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ពង្រឹងអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន ដែលមានអ្នកចូលរួមជាង២ពាន់នាក់ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។

«និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ដើរតួជាប្រព័ន្ធការពារ និងជាយន្តការយុទ្ធសាស្ត្រផ្នែកអក្ខរកម្មឌីជីថល ដែលផ្តោតលើការលើកកម្ពស់សមត្ថភាពយុវជនក្នុងការទប់ស្កាត់ និងជៀសផុតពីអន្ទាក់នៃឧបាយកលនយោបាយ បោកប្រាស់ និងឧក្រិដ្ឋកម្មបច្ចេកវិទ្យាទំនើប។ យុទ្ធនាការនេះ នឹងបំពាក់ចំណេះដឹងផ្នែកអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងតម្រង់ទិសយុវវ័យឱ្យក្លាយជាភ្នាក់ងារសុវត្ថិភាពព័ត៌មាន ដែលមានស្មារតីម្ចាស់ការក្នុងការផ្ទៀងផ្ទាត់ និងផ្សព្វផ្សាយតែព័ត៌មានពិត ប្រកបដោយគុណតម្លៃសម្រាប់គ្រួសារ និងសហគមន៍។ ក្នុងន័យនេះ យុទ្ធនាការនឹងលើកទឹកចិត្តឱ្យមានការចូលរួមពីយុវជននិងប្រជាពលរដ្ឋទាំងអស់ ចំនួន៥ ចំណុច៖ ១.ដើម្បីលុបបំបាត់វប្បធម៌ចេះតែចែករំលែកតៗគ្នាដោយអារម្មណ៍រំជើបរំជួល ដោយផ្អាកបន្តិចនិងពិចារណាលើព័ត៌មានដែលទទួលបាន។

២.ញែកព័ត៌មានបំពុលការបំភ្លៃ ឬព័ត៌មានក្លែងបន្លំដោយបច្ចេកវិទ្យាAI ចេញពីលំហព័ត៌មានពិត ដោយផ្ទៀងផ្ទាត់ព័ត៌មានជាមួយប្រភពផ្លូវការរបស់រាជរដ្ឋាភិបាល ក្រសួង-ស្ថាប័ន ឬសារ ព័ត៌មានអាជីព, ៣.ការពារទិន្នន័យនិងគណនីផ្ទាល់ខ្លួន ដោយប្រើមុខងារផ្ទៀងផ្ទាត់ពីរដំណាក់កាល និងរក្សាលេខកូដសម្ងាត់, ៤.ទប់ស្កាត់ការសាយភាយព័ត៌មានក្លែងក្លាយ ដោយមិនចែករំលែកព័ត៌មានចចាមអារ៉ាម ព័ត៌មានគ្មានប្រភពច្បាស់លាស់ និងរួមគ្នាចុច Report ខ្លឹមសារបែបបំពុល ញុះញង់ ឆបោក, និង៥.ជួយផ្សព្វផ្សាយអក្ខរកម្មព័ត៌មានដល់ក្រុមគ្រួសារនិងសហគមន៍ សំដៅរក្សាសុវត្ថិភាពព័ត៌មានក្នុងសង្គមទាំងមូល៕






