
រាជធានីភ្នំពេញ៖ ថៃ បានិងកំពុងបន្តបង្កើតព័ត៌មានក្លែងក្លាយជាច្រើន ក្នុងនោះក៏ប្រើបច្ចេកវិទ្យា AI ប្រឌិតជុំវិញស្ថានភាពព្រំដែន ដែលកំពុងតែតានតឹងដោយសារការឈ្លានពានសាជាថ្មីរបស់យោធាថៃមកលើកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន...។

លោក ទេព អស្នារិទ្ធ បានឱ្យដឹងថា ទន្ទឹមនឹងទង្វើឈ្លានពានដោយប្រដាប់អាវុធគ្រប់ធុនមកលើកម្ពុជា បច្ចុប្បន្ន ថៃបានប្រើសង្គ្រាមសតិអារម្មណ៍តាមរយៈការបង្កើតព័ត៌មានក្លែងក្លាយ បំភ្លៃ ប្រឌិតរឿងឡើងខុសពីការពិត ដើម្បីបំពុលបរិយាកាសព័ត៌មាន និងបង្កចលាចល ការភាន់ច្រឡំក្នុងសាធារណមតិកម្ពុជា និងអន្តរជាតិ ហើយថ្មីៗនេះបានបង្កើតរូបភាពអវិជ្ជមានប៉ះពាល់ធ្ងន់ធ្ងរដល់អង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាតិ រាជរដ្ឋាភិបាល កងទ័ព និងពលរដ្ឋកម្ពុជា។ អ្នកនាំពាក្យរូបនេះ អះអាងថា៖ «គិតចាប់តាំងពីថ្ងៃដែលថៃបើកការវាយប្រហារជាថ្មីមកលើកម្ពុជា ចាប់ពីថ្ងៃទី៧ធ្នូ-១៩ធ្នូ ឆ្នាំ២០២៥ ព័ត៌មានក្លែងក្លាយទាំងនេះមានចំនួនប្រមាណ២១៨ករណី ដែលក្រសួងព័ត៌មាន បានអនុវត្តវិធានការជាក់លាក់ជាបន្តបន្ទាប់ ដើម្បីគ្រប់គ្រងដោយសហការយ៉ាងជាប់លាប់ក្នុងក្របខណ្ឌយន្តការសាធារណមតិរបស់រាជរដ្ឋាភិបាល ក្រសួង-ស្ថាប័ន សមត្ថកិច្ចជំនាញលើវិស័យ ព្រមទាំងជាមួយរដ្ឋបាល និងអាជ្ញាធរខេត្តពាក់ព័ន្ធ»។

បើតាមលោក ទេព អស្នារិទ្ធ ភាគច្រើននៃព័ត៌មានក្លែងក្លាយទាំងនោះ មានប្រភពចេញមកពីប្រទេសថៃ និងក្រុមអគតិក្រៅប្រទេស ដែលបានចរាចរយ៉ាងឆាប់រហ័សលើបណ្តាញសង្គម ក្នុងចេតនាធ្វើឱ្យប៉ះពាល់ដល់ការរក្សាសាមគ្គីភាពផ្ទៃក្នុង និងជំនឿចិត្តរបស់សាធារណជនលើការដឹកនាំ ស្របពេលពលរដ្ឋកម្ពុជាដែលជាជនស៊ីវិលស្លូតត្រង់ បានទទួលរងគ្រោះរួចទៅហើយដោយសារការវាយប្រហារផ្នែកយោធាដោយបំពានច្បាប់របស់ថៃ។ ស្របពេលក្រសួងព័ត៌មានបាននិងកំពុងចាត់វិធានការ ដើម្បីទប់ស្កាត់ និងគ្រប់គ្រងការផ្សាយព័ត៌មានក្លែងក្លាយ និងការផ្សាយព័ត៌មានបំពុលផ្សេងៗ សូមសាធារណជនកុំចែកចាយព័ត៌មានប្រភេទដូចបានរៀបរាប់ខាងលើ ពិសេសព័ត៌មានអវិជ្ជមាន និងរូបភាពប្រឌិតដែលប៉ះពាល់ដល់អង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាតិ រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជា។

ក្នុងនាមក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកលេងបណ្ដាញសង្គម មិនត្រូវបង្ហាញរូបភាពដែលក្រសួងហាមឃាត់មិនឱ្យផ្សាយ/ចែកចាយ ដើម្បីចូលរួមរក្សាសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ ស្ថិរភាពនយោបាយ និងចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ។ សូមប្រជាពលរដ្ឋបន្តចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងព័ត៌មាន ក្នុងការបង្ការទប់ស្កាត់ការសាយភាយព័ត៌មានក្លែងក្លាយ ពិសេសប្រភពពីក្រៅប្រទេស បំពុលសង្គម ដើម្បីរួមចំណែករក្សាសុវត្ថិភាពព័ត៌មាននៅទូទាំងប្រទេស៕



