
រាជធានីភ្នំពេញ៖ ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៥ ពោលគឺគិតចាប់ពីខែមករា រហូតដល់ខែឧសភានេះ គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយនៃក្រសួងព័ត៌មាន រកឃើញព័ត៌មានក្លែងក្លាយចំនួន ១៣៩៩ករណី។ នេះបើតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន នៅថ្ងៃទី២៨ឧសភា ឆ្នាំ២០២៥…។

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ លើកឡើងថា ការកើនឡើងនៃព័ត៌មានក្លែងក្លាយនេះ គឺស្របពេលដែលការប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ទិកតុក តេឡេក្រាម អ៊ីនស្តាក្រាម ជាពិសេសការប្រើបច្ចេកវិទ្យាទំនើប និងបញ្ញាសិប្បនិម្មិត (AI) មានសន្ទុះកើនឡើងកាន់តែខ្លាំងឡើងនៅក្នុងប្រទេស ក៏ដូចជាលើសកលលោក។ សូមរម្លឹកខ្លីថា ពេញ១ឆ្នាំ នៃឆ្នាំ២០២៤កន្លងទៅ គណៈកម្មការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ បានកត់ត្រាព័ត៌មានក្លែងក្លាយសរុបចំនួន ៣៦៥១ករណី។

អ្នកនាំពាក្យ ជំរុញឱ្យអ្នកបង្កើតមាតិកាលើបណ្តាញសង្គម អ្នកសារព័ត៌មាន និងពលរដ្ឋគ្រប់មជ្ឈដ្ឋានដែលជាអ្នកប្រើប្រាស់បណ្តាញសង្គម ត្រូវចូលរួមទាំងអស់គ្នា ដើម្បីកម្ពុជាគ្មានព័ត៌មានក្លែងក្លាយ។ លោកសង្កត់ធ្ងន់ថា៖«ពិសេសគឺពលរដ្ឋគ្រប់មជ្ឈដ្ឋានត្រូវចូលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយជាមួយក្រសួងព័ត៌មាន ដោយនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ និងកុំចែកចាយ កុំផ្សព្វផ្សាយព័ត៌មាននៅលើបណ្តាញសង្គមដែលគ្មានប្រភពច្បាស់លាស់ គ្មានវិជ្ជាជីវៈ និងគ្មានការផ្ទៀងផ្ទាត់ត្រឹមត្រូវ»។

សូមជម្រាបថា ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយកុំឱ្យបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ និងសង្គមជាតិ ក្រៅតែពីបើកយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយកាលពីថ្ងៃទី១មេសាកន្លងទៅក្រោមប្រធានបទ«និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ក្រសួងព័ត៌មាន ក៏បានសហការជាមួយក្រសួងប្រៃសណីយ៍ ផ្សព្វផ្សាយពីសារប្រឆាំងព័ត៌មានក្លែងក្លាយតាមប្រព័ន្ធ TRC-SMS សរុបចំនួន៩សារទៅកាន់អ្នកប្រើប្រាស់ទូរសព្ទនៅទូទាំងប្រទេស។ ខណៈក្នុងខែមិថុនាខាងមុខ ក្រសួងក៏នឹងដាក់ដំណើរការការផ្សព្វផ្សាយតាមរយៈ call-tune បន្ថែមទៀតដើម្បីផ្សព្វផ្សាយពីបញ្ហានេះ៕



