
រដ្ឋធានីម៉ានីល៖ អតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូធើតេ ស្ទើរតែប្រាកដ ១០០ភាគរយក្នុងការជាប់ឆ្នោតភ្លូកទឹកភ្លូកដីជាអភិបាលក្រុង នៅឯស្រុកកំណើតរបស់លោកនៅថ្ងៃអង្គារទី១៣ ខែឧសភានេះ បើទោះបីជាលោកស្ថិតក្រោមការឃុំខ្លួននៅឯតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) ក្រោមការចោទប្រកាន់ពីបទមនុស្សឃាត ដែលជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិក៏ដោយ។

ការបូកសរុបជាបឋមក្រៅផ្លូវការជាមួយការបង្ហាញថា សន្លឹកឆ្នោត៨០ភាគរយគាំទ្រលោក ឌូធើតេ ជាអភិបាលក្រុង ទោះបីជារូបកាយរបស់លោកត្រូវបានជាប់ឃុំនៅទីក្រុងឡាអេ ជុំវិញសង្គ្រាមប្រឆាំងគ្រឿងញៀនដ៏បង្ហូរឈាម ដោយបានសម្លាប់រង្គាលមនុស្សរាប់ពាន់នាក់ក៏ដោយ។ យ៉ាងណា ពេលនេះ លោក ឌូធើតេ ទទួលបានសំឡេងឆ្នោតគាំទ្រច្រើនជាងគូប្រជែងរបស់លោកចំនួន៨ដង ក្នុងការប្រកួតប្រជែងតំណែងអភិបាលក្រុងដាវ៉ៅ។ ជ័យជម្នះដ៏ភ្លូកទឹកភ្លូកដីនេះ បានបញ្ជាក់ពីសក្ខីភាពនៃភាពចាស់ទុំនយោបាយដ៏រឹងមាំ និងឥទ្ធិពលយូរអង្វែងរបស់បុរសវ័យ៨០ឆ្នាំរូបនេះ។

ជាមួយគ្នា អ្នកគាំទ្របានអបអរសាទរយ៉ាងគគ្រឹកគគ្រេងចំពោះជ័យជម្នះរបស់លោក និងអំពាវនាវឱ្យលោកវិលត្រឡប់មកបម្រើប្រជាជនរបស់លោកវិញ។ តាមពិតទៅ លោក ឌូធើតេ គឺជាអតីតប្រមុខរដ្ឋអាស៊ីដំបូងគេដែលត្រូវបានកាត់ទោសនៅ ICC ខណៈសំណើរបស់ ICC បានបង្កឱ្យមានកំហឹងជាខ្លាំងក្នុងចំណោមក្រុមអ្នកគាំទ្ររបស់លោក ឌូធើតេ ជុំវិញការចាប់ខ្លួននេះ៕





