លោក នេត្រ ភក្ត្រា៖ ព័ត៌មានពិតត្រូវបញ្ចេញឱ្យបានលឿន កុំឱ្យព័ត៌មានក្លែងក្លាយដឹកមុខបាន
S
Soriya Sou
22 កក្កដា 2025 11:00 AM

ខេត្តសៀមរាប៖ កម្ពុជាត្រូវបញ្ចេញព័ត៌មានពិតឱ្យបានលឿនបំផុត តាមដែលអាចធ្វើបាន ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ សំដៅទប់ស្កាត់អសន្តិសុខ ការពារផលប្រយោជន៍ប្រជាពលរដ្ឋ និងសង្គមជាតិ។ នេះបើតាមការបញ្ជាក់របស់លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

រូបតំណាង៖ រូបភាពីក្រសួងព័ត៌មាន
រូបតំណាង៖ រូបភាពីក្រសួងព័ត៌មាន

ក្នុងសន្និសីទកំពូល ស្តីពីប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ នៅខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២១កក្កដា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានប្ដេជ្ញាចិត្តថា កម្ពុជានឹងមិនអាចឱ្យព័ត៌មានក្លែងក្លាយដឹកមុខបានឡើយ។ លោក ថ្លែងដូច្នេះថា៖«កាលណាមានព័ត៌មានក្លែងក្លាយ ត្រូវតែដាក់ព័ត៌មានពិតបកស្រាយលឿនតាមអ្វីដែលអាចធ្វើទៅបាន ជាពិសេសការប្រើយន្តការរួមគ្នាជាមួយប្រទេសក្នុងតំបន់ ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ»។ លោក បានអះអាងថា តាមរយៈបទពិសោធកន្លងមក មានតែកម្ពុជាប៉ុណ្ណោះដែលបានរៀបចំយន្តការច្បាស់លាស់ចេញជារូបរាង និងទ្រង់ទ្រាយធំ ដើម្បីផ្លាស់ប្ដូរឥរិយាបថប្រជាពលរដ្ឋក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ខណៈកម្ពុជាក៏បានសិក្សាទៅលើផ្នែកឯកសារ និងការរៀបចំគិតគូរផ្សេងៗរបស់បណ្តាប្រទេសមួយចំនួនផងដែរ តែមិនទាន់មានសកម្មភាពជាក់ស្តែងនៅឡើយទេ។

លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន
លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន

លោករដ្ឋមន្រ្តីព័ត៌មាន បញ្ជាក់ថា សន្និសីទកំពូលស្តីពីប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ នៅខេត្តសៀមរាប ពីថ្ងៃទី២០-២៤កក្កដានេះ ដែលមានអ្នកសារព័ត៌មានមកពី២៦ប្រទេសចូលរួម នឹងចែករំលែកពាក់ព័ន្ធនឹងរឿងនេះ ហើយកម្ពុជានឹងមានសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹងការប្រឆាំងព័ត៌មានក្លែងក្លាយ។ លោក បានបង្ហាញក្ដីរំពឹងទុកថា បណ្តាប្រទេសក្នុងតំបន់អាស៊ាន និងពិសេសក្នុងតំបន់អាស៊ី នឹងកាន់តែរួបរួមគ្នាថែមទៀតក្នុងកិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ក្នុងតំបន់។

ព័ត៌មានក្លែងក្លាយ សំដៅលើព័ត៌មានមិនពិតដែលត្រូវបានចែករំលែកក្នុងទម្រង់ជាអត្ថបទ រូបភាព វីដេអូ ឬទម្រង់ផ្សេងៗ ដោយក្លែងបន្លំថាជាព័ត៌មានពិត។ វាត្រូវបានបង្កើតឡើងដោយបុគ្គល ឬក្រុមដែលធ្វើសកម្មភាព ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ឬហេតុផលនយោបាយ និងហេតុផលសេដ្ឋកិច្ច ជាដើម។ ព័ត៌មានក្លែងក្លាយ បានបង្កផលប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ ភាពសុខសាន្ត និងបញ្ហាអសន្តិសុខ ខូចសណ្តាប់ធ្នាប់សាធារណៈ និងអាចធ្វើឱ្យមានមហន្តរាយដល់សង្គមគ្រួសារ និងសង្គមជាតិ។ ក្នុងឆមាសទី១ ឆ្នាំ២០២៥ គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយនៃក្រសួងព័ត៌មាន បានកត់ត្រាឃើញព័ត៌មានក្លែងក្លាយប្រមាណជិត២ពាន់ករណី៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត