
រាជធានីភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន និងក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ បានរៀបចំកិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងប្រកាសអន្តរក្រសួង ពាក់ព័ន្ធការបែងចែកប្រេកង់ កំណត់ស្ដង់ដារបច្ចេកទេសប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងលក្ខខណ្ឌមួយចំនួន ដើម្បីពង្រឹងកិច្ចសហការបំពេញភារកិច្ចអន្តរក្រសួង...។

ក្រសួងព័ត៌មានដឹកនាំកិច្ចប្រជុំដោយ លោក ហួត ឃាងវេង រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាននៃក្រុមការងារនីតិកម្ម និងក្រុមការងារបរិវត្តកម្មឌីជីថលក្រសួងព័ត៌មាន ចំណែកក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដឹកនាំដោយ លោកអនុរដ្ឋលេខាធិការ រ៉ិត ភួងបញ្ញា។ កិច្ចប្រជុំមានការចូលរួមពីថ្នាក់ដឹកនាំ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីបច្ចេកទេសនៃក្រសួងទាំងពីរ។ ភាគីទាំងពីរ ពិភាក្សាស្ដីពីការបែងចែកប្រេកង់ ការប្រើប្រាស់បន្ទារប្រេកង់វិទ្យុ ការផលិត នាំចូល-នាំចេញ និងកំណត់ស្ដង់ដារបច្ចេកទេសការប្រើប្រាស់សម្ភារបរិក្ខា ឧបករណ៍ប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទ និងការគ្រប់គ្រងថ្នាលឌីជីថលតាមប្រព័ន្ធអនឡាញ ដើម្បីពង្រឹងកិច្ចសហការ និងសម្រួលដល់ការបំពេញភារកិច្ចរបស់ក្រសួងទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត៕





