ប្រើពេលកន្លះឆ្នាំ! ទីបំផុតកំពង់ទឹកបុរាណមួយនៅខេត្តសៀមរាប ត្រូវបានបញ្ចប់ការជួសជុលជំហានដំបូង
អុន សម្ផស្ស
2 ម៉ោងមុន

ក្រុងសៀមរាប៖ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ បានប្រកាសពីភាពជោគជ័យ និងបិទបញ្ចប់ការជួសជុល អភិរក្ស លើកតម្លៃទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់នៅ«កំពង់ទឹកលើទំនប់ខាងលិចនៃបារាយណ៍យសោធរតដាក» ដំណាក់កាលទី១ ក្រោយចំណាយពេល៦ខែ...។

<br />

ផ្អែកតាមអាជ្ញាធរជាតិអប្សរា ទីតាំងនេះត្រូវបានអ្នកជំនាញ និងវិស្វករ ចាប់ផ្តើមជួសជុលតាំងតែពីចុងឆ្នាំ២០២៥ រហូតមកដល់ចុងខែមេសា ឆ្នាំ២០២៦ ទើបបិទបញ្ចប់ដំណាក់កាលទី១ ក្នុងប្រវែងបណ្តោយ១២ម៉ែត្រ និងទទឹង៩ម៉ែត្រ។ កញ្ញា ដយ ពេជ្រជឺរ៉ា បុគ្គលិកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា និងជាវិស្វករនៃអាជ្ញាធរជាតិអប្សរាថ្លែងថា៖«ក្នុងដំណាក់កាលទីមួយនេះ អ្នកជំនាញធ្វើការជួសជុលពង្រឹងគ្រឹះនៅតាមកន្លែងដែលបានស្រុត ពង្រឹងខឿនថ្នាក់ទីមួយដែលសាងសង់ពីថ្មបាយក្រៀម និងផ្នែកខ្លះនៃខឿនថ្នាក់ទីពីរដែលសាងសង់ពីថ្មភក់ និងបានជំនួសថ្មថ្មី នៅតាមទីតាំងដែលបាត់បង់ ពុកផុយ ដើម្បីបំពេញរូបរាងឡើងវិញស្របទៅតាមលក្ខណៈបច្ចេកទេស»

អ្នកជំនាញរូបនេះបន្តពន្យល់ថា ក្នុងពេលធ្វើកំណាយស្រាវជ្រាវមុនដំណើរការជួសជុលទីតាំងនេះ ត្រូវបានរកឃើញចម្លាក់សត្វតោមួយនៅជ្រុងខាងត្បូងនៃកំពង់ទឹក ហើយអ្នកជំនាញផ្នែកអភិរក្សថ្មបានជួសជុលពង្រឹង ដើម្បីយកមកដាក់នៅទីតាំងដើមវិញ។ អ្នកជំនាញដដែលបន្ថែថា បន្ទាប់ពីការជួសជុលពង្រឹងតាមផ្នែក និងជួសជុលចម្លាក់តោរួចតម្តល់នៅទីតាំងដើមវិញ ធ្វើឱ្យរចនាសម្ព័ន្ធកំពង់ទឹកទាំងមូលមានសោភ័ណភាពស្រស់ស្អាត និងលើកតម្លៃទីតាំងបុរាណដ្ឋានដែលជាទីតាំងសំខាន់មួយក្នុងសម័យអង្គរ សម្រាប់ព្រះរាជាទ្រង់យាងទៅកាន់ប្រាសាទមេបុណ្យខាងកើត។ ម៉្យាងវិញទៀត ទីតាំងនេះ ក៏ជាទីតាំងដែលទាក់ទាញភ្ញៀវទេសចរឱ្យទៅទស្សនាផងដែរ ព្រោះកំពង់ទឹកនៅលើទំនប់ខាងលិចនៃបារាយណ៍យសោធរតដាកនេះ មានទីតាំងនៅចំខ្សែអ័ក្សតែមួយនៃព្រះបរមរាជវាំង ប្រាសាទភិមានអាកាស ឆ្ពោះមកខ្លោងទ្វារជ័យ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត