មន្ត្រីស្ថានីយជញ្ជឹងអចល័តនៅកណ្តោលដុំប្រើពាក្យសំដីមិនសមរម្យដាក់ពលរដ្ឋ ត្រូវបានដកមកបញ្ឈរជើងនៅអង្គភាពដើមហើយ ក្រោយរងការរិះគន់ពីមហាជនដូចទឹកបាក់ទំនប់
S
Sreyleak Yith
2 ម៉ោងមុន

ក្រុងច្បារមន៖ កាលពីថ្មីៗ មានការផ្សព្វផ្សាយពីមន្ត្រីស្ថានីយជញ្ជឹងអចល័ត នៅកណ្តោលដុំ ខេត្តកំពង់ស្ពឺ មួយរូប បានប្រើពាក្យសំដីមិនពីរោះដាក់ម្ចាស់រថយន្តដែលចូលថ្លឹង។ បច្ចុប្បន្ន មន្រ្តីរូបនេះ ត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ចប់ភារកិច្ចលោកជាមន្រ្តីប្រចាំការនៅស្ថានីយជញ្ជឹងថ្លឹងហើយ...។

រូបភាពតំណាង
រូបភាពតំណាង

តាមរយៈសេចក្តីប្រកាសរបស់ក្រសួងសាធារណការ លោក ប្រាក់ ច័ន្ទមុន្នី អត្តលេខ ១៧០០៣០០០៥១ ត្រូវបានបញ្ចប់ភារកិច្ចពីមន្ត្រីប្រចាំការនៅស្ថានីយជញ្ជឹងអចល័ត ឱ្យមកបម្រើការងារនៅអង្គភាពដើមវិញ។ ក្នុងនោះ ក្រសួងបានប្រគល់ភារកិច្ច ដូចដែលបានចែងក្នុងសេចក្តីប្រកាសដល់នាយកខុទ្ទកាល័យ គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គធិការនៃអគ្គធិការដ្ឋាន នាយកវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ប្រធាននាយកដ្ឋានបុគ្គលិក ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ក៏ដូចជាសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

រូបភាពតំណាង
រូបភាពតំណាង

​សូមជម្រាបថា ក្រោយឃើញសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង គ្រាន់តែផ្ទេរការងារ មានមហាជនជាច្រើនបានបន្តការរិះគន់ជាខ្លាំងដូចទឹកបាក់ទំនប់ ដោយលើកទ្បើងស្រដៀងគ្នាៗថា គួរដកចេញពីដំណែង ហើយលុបចេញពីក្របខណ្ឌ កុំឱ្យនៅធ្វើជាមន្រ្តី ព្រោះមន្រ្តីមិនគួរប្រើពាក្យសំដីបែបគ្មានសីលធម៌ ឬមិនពីរោះស្ដាប់បែបហ្នឹងទេ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត