
ក្រុងកែប៖ នៅទីបំផុត សាកសពម្ដាយរួមទាំងកូនចំនួន៣នាក់ ដែលបានបាត់ខ្លួនក្នុងហេតុការណ៍លិចទូកយ៉ នៅចំណុចឃ្លោងព្រែកអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប កំលុងពេលចេញទៅរកងាវសមុទ្ទ ពេលនេះត្រូវបានអាជ្ញាធររុកឃើញហើយ...។

លោក ហ៊ួរ មិថុនា អភិបាលរងខេត្តកែប នៅថ្ងៃព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ បានគូសឱ្យដឹងថា មកទល់ពេលនេះកម្លាំងសមត្ថកិច្ចចម្រុះ បានចុះរុករកសពជនរងគ្រោះទាំង៣នាក់ម្តាយកូនឃើញហើយ បន្ទាប់ពីជួបឧបទ្ទវហេតុលិចទូកស្មាច់កំលុងពេលចុះទីរកងាវសមុទ្ទ។ ជាមួយគ្នា លោកអភិបាលរងខេត្តកែបរូបនេះ ក៏បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋប្រកបរបរនៅលើផ្ទៃសមុទ្ទ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងអំឡុងរដូវវស្សា និងពេលអាកាសធាតុមិនអំណោយផល។ សូមជម្រាបថា កាលពីម្សិលមិញ មានករណីលិចទូកយ៉របស់បងប្អូនប្រជានេសាទមួយគ្រឿងនៅចំណុចទីតាំងកើតហេតុខាងលើ កំលុងពេលចេញទៅរកងាវសមុទ្ទ ហើយជាអកុសលក៏ស្រាប់តែលិច បណ្ដាលឱ្យពលរដ្ឋបីនាក់ (មានម្តាយ និងកូនប្រុស២នាក់) បាត់ខ្លួនភ្លាមៗទៅក្នុងសមុទ្ទ ដោយបុរសជាប្ដីបានហែលរួចផុតជីវិតមកដល់ច្រាំងវិញ៕







