
មជ្ឈិមបូព៌ា៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ និងរដ្ឋាភិបាលនីហ្សេរីយ៉ា បានចេញមុខប្រកាសរួមគ្នាទាំងយប់ ជុំវិញការសម្រេចបាន«ជោគជ័យមហាសាល»ក្នុងការបើកប្រតិបត្តិការយោធាចម្រុះដ៏ស្មុគស្មាញមួយ ដើម្បីស្ទាក់កម្ទេចលោក អាប៊ូ បាករ៍ អាល់-ម៉ៃនូគី Abu Bakr al-Mainuki (ឬ Abu-Bilal al-Minuki) ដែលត្រូវបានគេស្គាល់ថាជាមេបញ្ជាការជាន់ខ្ពស់ និងជាបុរសខ្លាំងលេខ២របស់ក្រុមភេរវកររដ្ឋអ៊ិស្លាម (ISIS) ក្នុងពិភពលោក...។

ប្រតិបត្តិការដែនអាកាស និងជើងគោកដ៏សម្ងាត់បំផុតនេះ បានប្រព្រឹត្តទៅក្នុងរយៈពេលត្រឹមតែ៣ម៉ោងប៉ុណ្ណោះ ចំពេលយប់ងងឹត នៅក្នុងតំបន់អាងទន្លេឆាត (Lake Chad Basin) ដែលជាទ្រនំលាក់ខ្លួនដ៏មានឥទ្ធិពលរបស់ក្រុមអាស៊ីសប្រចាំអាហ្វ្រិកខាងលិច។ ប្រធានាធិបតីនីហ្សេរីយ៉ា លោក បូឡា ទីនូប៊ូ (Bola Tinubu) បានបញ្ជាក់ថា មេខ្លោងធំរូបនេះ រួមនឹងកូនចៅជំនិតៗជាច្រើននាក់ទៀត ត្រូវបានកម្ទេចចោលភ្លាមៗនៅក្នុងភូមិគ្រឹះលាក់ខ្លួន ក្រោមការទម្លាក់គ្រាប់បែកចំគោលដៅ គ្មានការប្រឈមមុខដាក់គ្នារហូតដល់មានការបាត់បង់សមាជិកយោធាបស្ចិមលោក ឬនីហ្សេរីយ៉ានោះឡើយ។

តាមការទម្លាយពីក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិក លោក អាល់-ម៉ៃនូគី មិនមែនជាមេភេរវករធម្មតានោះទេ ប៉ុន្តែត្រូវបានដំឡើងតំណែងជាប្រធាននាយកដ្ឋានគ្រប់គ្រងរដ្ឋទូទៅរបស់ក្រុមអាស៊ីស ពោលគឺមានអំណាចលំដាប់ទី២ ទូទាំងសកលលោក ដោយដើរតួជាអ្នករៀបចំផែនការវាយប្រហារ ដឹកនាំការចាប់ជម្រិត និងគ្រប់គ្រងចរន្តហិរញ្ញវត្ថុរបស់ក្រុមនេះទាំងមូល។ ការដួលរលំរបស់មេខ្លោងរូបនេះ ត្រូវបានអ្នកជំនាញចាត់ទុកថា ជាការវាយបកយ៉ាងធ្ងន់ធ្ងរទៅលើបណ្តាញភេវរកម្មសកល ចាប់តាំងពីការសម្លាប់មេដឹកនាំកំពូល អាប៊ូ បាករ៍ អាល់-បាហ្គដាឌី (Abu Bakr al-Baghdadi) កាលពីឆ្នាំ២០១៩ ដោយសារវាបានធ្វើឱ្យប្រព័ន្ធបង្វិលលុយ និងទំនាក់ទំនងរវាងកោសិកាភេរវករនៅអាហ្វ្រិក មជ្ឈិមបូព៌ា និងបស្ចិមលោក ត្រូវគាំងស្ទះដកដង្ហើមមិនរួច៕



