
ក្រុងតៃប៉ិ៖ មន្រ្តីទូតជាន់ខ្ពស់ម្នាក់របស់កោះតៃវ៉ាន់ បានអះអាងនៅថ្ងៃសៅរ៍ទី១៦ ខែឧសភាថា ការលក់អាវុធរបស់សហរដ្ឋអាម៉េរិកទៅឱ្យតៃវ៉ាន់ គឺជាគ្រឹះដ៏សំខាន់នៃសន្តិភាព និងស្ថិរភាពក្នុងតំបន់។ យ៉ាងណា ប្រធានាធិបតី ដូណាល់ ត្រាំ មិនទាន់សម្រេចចិត្តលើការលក់អាវុធនាពេលខាងមុខនេះនៅឡើយទេ។

ទោះបីជាគ្មានទំនាក់ទំនងការទូតផ្លូវការក៏ដោយ ប៉ុន្តែសហរដ្ឋអាម៉េរិក គឺជាខ្នងបង្អែកគាំទ្រដ៏សំខាន់បំផុតសម្រាប់កោះតៃវ៉ាន់ ខណៈចិនតែងចាត់ទុកកោះនេះ ជាដែនដីមួយចំណិត នៃទឹកដីរបស់ខ្លួន។ បន្ទាប់ពីកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅរដ្ឋធានីប៉េកាំង លោក ត្រាំ បានអះអាងថា លោកមិនទាន់សម្រេចចិត្តបន្តគម្រោងលក់អាវុធដ៏ធំមួយនេះឱ្យកោះតៃវ៉ាន់ ឬយ៉ាងណានៅឡើយទេ។

នៅក្នុងសេចក្តីថ្លែងការណ៍ប្រាប់ក្រុមអ្នកយកព័ត៌មាននៅទីក្រុងតៃប៉ិ លោក ចេន មីងឈី (Chen Ming-chi) អនុរដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ បានលើកឡើងថា ការលក់អាវុធរបស់សហរដ្ឋអាម៉េរិក គឺត្រូវបានធានានៅក្រោមច្បាប់ស្តីពីទំនាក់ទំនងតៃវ៉ាន់។ លោកបន្តថា៖«ការទិញ-លក់អាវុធរវាងតៃវ៉ាន់ និងសហរដ្ឋអាម៉េរិក តែងតែជាគ្រឹះដ៏សំខាន់នៃសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់»។ សូមរំឭកថា កាលពីខែធ្នូ ឆ្នាំ២០២៥ រដ្ឋបាលលោក ត្រាំ បានអនុម័តកញ្ចប់លក់អាវុធក្នុងតម្លៃ១១ពាន់លានដុល្លារដល់កោះតៃវ៉ាន់ ដែលជាគម្រោងធំបំផុតមិនធ្លាប់មាន៕



