
រាជធានីភ្នំពេញ៖ សមត្ថកិច្ចខណ្ឌឫស្សីកែវ កាលថៃ្ងទី១៧ ខែឧសភា ឆាំ្ន២០២៦ បានអប់រំម្ចាស់ហាងលក់កាហ្វេមួយកន្លែង ក្បែរផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសងែ្ក១ ខណ្ឌឫស្សីកែវ និងឱ្យធ្វើកិច្ចសន្យាបញ្ឈប់លួចលាក់លេងល្បែងភ្នាល់ស៊ីសងគ្រប់ប្រភេទ ជាពិសេស ល្បែងភ្នាល់កីឡាប្រដាល់ប៉ុស្តិ៍ទូរទស្សន៍ថៃ...។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីថ្ងៃទី១៦ឧសភា ឆ្នាំ២០២៦ កន្លងទៅ បន្ទាប់ពីសង្កេតឃើញមានសារព័ត៌មានផ្សព្វផ្សាយនៅលើបណ្តាញសង្គម ស្នើឱ្យសមត្ថកិច្ចចុះពិនិត្យបង្រ្កាបទីតាំងបង្កប់ល្បែងសុីសងភ្នាល់ប្រដាល់ប៉ុស្តិ៍ទូរទស្សន៍ថៃ ស្ថិតនៅហាងការហ្វេមួយកន្លែងក្នុងសង្កាត់ទួលសងែ្ក១។ បន្ទាប់ពីទទួលបានដំណឹងនេះ នៅថៃ្ងទី១៧ឧសភាម្សិលមិញ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ១ ក្រុមប្រឹក្សាសង្កាត់ និងមេភូមិ បានចុះទៅត្រួតពិនិត្យដល់ទីតាំងខាងលើ ប៉ុន្តែមិនបានឃើញមានមនុស្សចូលលេងភ្នាល់ល្បែងតាមប៉ុស្តិ៍ទូរទស្សន៍ប្រដាល់ថៃទៀតទេ។ បន្ទាប់មកមន្រ្តីជំនាញក៏បានធើ្វកិច្ចសន្យា ក៏ដូចជាអប់រំណែនាំដល់ម្ចាស់ហាង ដោយហាមដាច់ខាតលួចលាក់បង្កប់ល្បែងស៊ីសងខុសច្បាប់បន្តទៀត។

មន្ត្រីសមត្ថកិច្ចបានសង្កត់ធ្ងន់ថា បើម្ចាស់ហាងនៅតែគឃ្លើនហ៊ានលួចលាក់ បើកលេងភ្នាល់ល្បែងស៊ីសងខុសច្បាប់ទៀត នឹងត្រូវចាត់ការតាមផ្លូវច្បាប់ជាក់ជាមិនខាន។ យ៉ាងណា ក្នុងករណីនេះ មានមហាជនជាច្រើនបានរិះគន់ម្ចាស់ហាង និងអ្នកចូលលេងល្បែងភ្នាល់ប្រដាល់តាមប៉ុស្តិ៍ទូរទស្សន៍ថៃ យ៉ាងចាស់ដៃថា៖តើមានឈាមជាខ្មែរទេ បានជាមិនចេះឈឺចាប់? មិនអាណិតដល់កងកម្លាំងជួរមុខដែលខំពលីជីវិត មកពាំងការពារទឹកដី? មួយវិញទៀត មហាជនចង់ឱ្យអ្នកទាំងអស់នោះទៅនៅព្រំដែន ដើម្បីឱ្យបានឃើញ បានស្គាល់ជាតិគ្រាប់កាំភ្លើង គ្រាប់បែក ទើបចេះឈឺចិត្តស្អិតទ្រូង! ទន្ទឹមនោះ ក៏មានមហាជនខ្លះទៀត លើកទ្បើងថា កុំលើកលែងដល់ជនទាំងនោះឱ្យសោះ ត្រូវដាក់ទោសទណ្ឌឱ្យរាងចាល កុំឱ្យប្រព្រឹត្តិសកម្មភាពបែបនេះតទៅទៀត៕



