
ក្រុងសិរីសោភ័ណ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ដឹកនាំដោយយោធាហ្វីលីពីន នៅថ្ងៃអាទិត្យទី១៧ឧសភានេះ បានចុះពីនិត្យភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពនៅព្រំដែន...។

ក្រសួងការពារជាតិកម្ពុជា គូសបញ្ជាក់ថា ក្រុមអ្នកសង្កេតការណ៍បានចុះដល់ទីតាំងដែលយោធាថៃរាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់ ធ្វើឱ្យប្រជាពលរដ្ឋខ្មែរជាច្រើនគ្រួសារ មិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានវិញបាន។ កម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព អនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង។

សូមជម្រាបថា កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ ក្រុមអ្នកសង្កេតការណ៍អាស៊ាន ដឹកនាំដោយយោធាហ្វីលីពីន ចាប់ផ្ដើមចុះពិនិត្យមើលស្ថានភាពតាមព្រំដែន ដោយបេសកកម្មថ្ងៃដំបូង គឺនៅប្រាសាទព្រះវិហារដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារការវាយប្រហារពីសំណាក់យោធាថៃ កាលពីចុងឆ្នាំ២០២៥។ កំលុងចុះពិនិត្យមើលស្ថានភាពស្រាប់តែខាងយោធាថៃ បានបំផ្ទុះគ្រាប់មិនទាន់ផ្ទុះចំនួន៣គ្រាប់ ដោយមិនបានជូនដំណឹងមកកម្ពុជាឱ្យបានដឹងជាមុនឡើយ៕





