
រដ្ឋធានីមូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានរាយការណ៍ថា នឹងអញ្ជើញបំពេញទស្សនកិច្ចនៅរដ្ឋធានីប៉េកាំង នាថ្ងៃទី២០ ខែឧសភាខាងមុខនេះ ជាការធ្វើដំណើរទៅក្រៅប្រទេសលើកដំបូងរបស់លោក នៅក្នុងឆ្នាំនេះ...។

ដំណើរទស្សនកិច្ចរយៈពេលមួយថ្ងៃនេះ កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក ស៊ី ជីនពីង បញ្ចប់ជំនួបកំពូលជាមួយប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ។ បើតាមសារព័ត៌មាន South China Morning Post ដំណើរទស្សនកិច្ចនេះ ត្រូវបានគេមើលឃើញថា ជារឿងធម្មតានៃទំនាក់ទំនងរវាងវិមានក្រឹមឡាំង និងរដ្ឋធានីប៉េកាំង ហើយទំនងជាមិនមានពិធីដង្ហែព្យុហយាត្រាធំដុំនោះទេ។

ដំណើរទស្សនកិច្ចនេះ កាន់តែបង្ហាញឱ្យឃើញពីចំណងមិត្តភាពដ៏ស្អិតល្មួតរវាងចិន និងរុស្ស៊ី ខណៈប្រទេសទាំងពីរចាត់ទុកគ្នាជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការប្រឈមមុខនឹងឥទ្ធិពលរបស់សហរដ្ឋអាម៉េរិក នៅលើឆាកអន្តរជាតិ។ ក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ ចិនបានក្លាយជាបង្អែកសេដ្ឋកិច្ចដ៏ធំសម្រាប់រុស្ស៊ី ដោយបានជួយកាត់បន្ថយសម្ពាធពីការដាក់ទណ្ឌកម្មរបស់បស្ចិមលោក តាមរយៈការទិញប្រេងពីរុស្ស៊ី និងការលក់ទំនិញប្រើប្រាស់ផ្សេងៗឱ្យអ្នកជិតខាងមួយនេះ។

កាលពីដើមខែឧសភា លោក ពូទីន បានបង្ហើបថា លោកចង់ជជែកពិភាក្សាជាមួយលោក ស៊ី អំពីការបោះជំហានទៅមុខក្នុងការសហការលើវិស័យប្រេង ហ្គាស និងថាមពលនុយក្លេអ៊ែរ។ បើទោះបីជាវិមានក្រឹមឡាំង និងក្រសួងការបរទេសចិន មិនទាន់បានប្រកាសជាផ្លូវការនូវកាលបរិច្ឆេទច្បាស់លាស់ក៏ដោយ ប៉ុន្តែពិភពលោកកំពុងតាមដានយ៉ាងដិតដល់ថា តើមហាអំណាចទាំងពីរនឹងរៀបចំយុទ្ធសាស្ត្រអ្វីបន្តទៀត បន្ទាប់ពីចិនទើបតែបានចរចាជាមួយលោក ដូណាល់ ត្រាំ រួចរាល់នោះ៕


