ត្រាំ ហោះចេញពីរដ្ឋធានីប៉េកាំងជាមួយលទ្ធផលតិចតួច
ហៀប ស៊ីថេត
មួយថ្ងៃមុន

រដ្ឋធានីប៉េកាំង៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានចាកចេញពីទឹកដីចិន នៅថ្ងៃសុក្រទី១៦ ខែឧសភា ដោយគ្មានលទ្ធផលជាដុំកំភួនណាមួយលើបញ្ហាពាណិជ្ជកម្ម ឬជំនួយជាក់ស្តែងពីរដ្ឋធានីប៉េកាំង ដើម្បីបញ្ចប់សង្គ្រាមអ៊ីរ៉ង់នោះទេ...។

លោក ស៊ី ជីនពីង (ឆ្វេង) ​និងលោក ដូណាល់ ត្រាំ
លោក ស៊ី ជីនពីង (ឆ្វេង) ​និងលោក ដូណាល់ ត្រាំ

ដំណើរទស្សនកិច្ចរបស់លោក ត្រាំ ទៅកាន់ប្រទេសគូប្រជែងយុទ្ធសាស្ត្រនេះ គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកចាប់តាំងពីដំណើរទស្សនកិច្ចចុងក្រោយរបស់លោកក្នុងឆ្នាំ២០១៧។ ដំណើរទស្សនកិច្ចនេះមានគោលបំណងស្វែងរកលទ្ធផលជាក់ស្តែងដើម្បីស្តារប្រជាប្រិយភាព ដែលកំពុងធ្លាក់ចុះរបស់លោក មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិនាខែវិច្ឆិកាខាងមុខនេះ។ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានលើកឡើងថា លោក ស៊ី ជីនពីង នឹងហោះទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាម៉េរិកនាពេលខាងមុខនេះ តបតាមការអញ្ជើញរបស់លោក ត្រាំ។ កិច្ចប្រជុំកំពូលនេះពោរពេញទៅដោយពិធីការការទូតយ៉ាងឱឡារិក តាំងពីការហែក្បួនរបស់កងទ័ព រហូតដល់ការដើរទស្សនកិច្ចរបស់លោក ត្រាំ នៅទីតាំងសម្ងាត់ផ្សេងៗ ដែលលោក ស៊ី នាំទៅដោយផ្ទាល់។

យ៉ាងណា នៅពីក្រោយទ្វារបិទជិត លោក ស៊ី ជីនពីង បានលើកឡើងច្បាស់ៗ នៅពីមុខលោក ត្រាំ ថា បញ្ហាកោះតៃវ៉ាន់នៅតែជាដំបៅជាប់ទ្រូងរបស់ចិន ដែលអាចឈានទៅដល់ជម្លោះប្រដាប់អាវុធយោធា ប្រសិនបើកូនកោះមួយនេះនៅតែរឹងទទឹង មិនព្រមវិលមករួបរួមជាមួយចិនវិញ។ ដោយឡែក​ រដ្ឋមន្ត្រីក្រសួងការបរទេសអាម៉េរិក លោក ម៉ាកូ រូប៊ីអូ (Marco Rubio) បានប្រាប់សារព័ត៌មាន NBC News ថា៖«គោលនយោបាយរបស់សហរដ្ឋអាម៉េរិកលើបញ្ហាតៃវ៉ាន់ គឺមិនមានការផ្លាស់ប្ដូរទេ រហូតមកដល់ថ្ងៃនេះ»។ សេចក្តីសង្ខេបខ្លីស្តីពីកិច្ចពិភាក្សានេះ ដែលចេញដោយសេតវិមានប្រធានាធិបតីអាម៉េរិក បានគូសបង្ហាញថា បំណងប្រាថ្នារួមរបស់មេដឹកនាំទាំង២ គឺជាការបើកច្រកសមុទ្ទហ័រមូស្សឡើងវិញ និងចំណាប់អារម្មណ៍របស់លោក ស៊ី ក្នុងការទិញប្រេងពីអាម៉េរិក ដើម្បីកាត់បន្ថយការពឹងផ្អែកលើមជ្ឈិមបូព៌ា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត