
វិស័យនាវាទេសចរណ៍លំដាប់អភិជន (Cruise liner) កំពុងបង្ហាញតួលេខកើនឡើងយ៉ាងគំហុក ហាក់បីដូចជាមិនរវីរវល់នឹងសេចក្ដីស្លាប់ ឬការធ្លាក់ខ្លួនឈឺទាល់តែសោះ បើទោះបីជាថ្មីៗនេះ មានការរាយការណ៍ជាបន្តបន្ទាប់ពីការផ្ទុះឡើងនៃមេរោគដ៏គួរឱ្យខ្លាចដូចជា វីរុសហាន់តា (Hantavirus) និងវីរុសណូរ៉ូ (Norovirus) នៅលើកប៉ាល់កម្សាន្តធំៗជាច្រើនក៏ដោយ...។

អ្នកវិភាគមើលឃើញថា ក្ដីស្រេកឃ្លានចង់ដើរកម្សាន្តរបស់មនុស្សជាតិ ហាក់មានឥទ្ធិពលជាងការភ័យខ្លាចជំងឺរាតត្បាត ដែលធ្វើឱ្យក្រុមហ៊ុននាវាទេសចរណ៍ប្រមូលលុយបានយ៉ាងកាក់កបគួរឱ្យភ្ញាក់ផ្អើល។ ការរកឃើញមេរោគហាន់តា ដែលជាវីរុសកាចសាហាវឆ្លងពីសត្វកណ្តុរ និងវីរុសណូរ៉ូ ដែលបង្កឱ្យមានការក្អួតចង្អោរ និងរាករូសធ្ងន់ធ្ងរលើមនុស្សរាប់រយនាក់នៅលើកប៉ាល់ គួរតែជារឿងមួយដែលធ្វើឱ្យមនុស្សម្នារត់គេច។ ប៉ុន្តែ ផ្ទុយស្រឡះ របាយការណ៍ឧស្សាហកម្មទេសចរណ៍ចុងក្រោយបានបង្ហាញថា អត្រានៃការកក់សំបុត្រនាវាទេសចរណ៍សម្រាប់ឆ្នាំ២០២៦នេះ មិនមានសញ្ញាស្រុតចុះសូម្បីតែបន្តិច បែរជាមានការកើនឡើងជិតដល់ចំណុចកំពូលទៅវិញ។ សូម្បីតែតម្លៃសំបុត្រដែលកំពុងតែហក់ឡើងថ្លៃ ក៏មិនអាចឃាត់ជើងអ្នកទេសចរដែលមានលុយគ្រាក់ៗ មិនឱ្យឡើងជិះនាវាដែកថែបទាំងនោះបានដែរ។

ម្ចាស់អាជីវកម្ម និងអ្នកជំនាញផ្នែកទេសចរណ៍បានលួចបង្ហើបថា មូលហេតុដែលតម្រូវការទីផ្សារនៅតែរឹងមាំដូចថ្មដាបែបនេះ គឺដោយសារតែក្រុមហ៊ុននាវាល្បីៗបានពង្រឹងយុទ្ធសាស្ត្រវាយលុកចិត្តសាស្ត្រ តាមរយៈការបង្កើនវិធានការអនាម័យកម្រិតខ្ពស់ និងការផ្ដល់ការធានារ៉ាប់រងសុខភាពយ៉ាងកក់ក្ដៅ។ លើសពីនេះ មនុស្សម្នាជាច្រើនហាក់មានអារម្មណ៍ស៊ាំទៅនឹងពាក្យថា «ជំងឺរាតត្បាត» ទៅហើយ បន្ទាប់ពីឆ្លងកាត់សម័យកូវីដ-១៩ ដូច្នេះហើយទើបពួកគេសុខចិត្តជ្រើសរើសយកការសប្បាយ និងការលំហែកាយនៅលើសមុទ្ទជារឿងចម្បង ដោយទុកឱ្យរឿងមេរោគជាបញ្ហាបន្ទាប់បន្សំ៕




