អាម៉េរិក-បារាំង រកឃើញអ្នកឆ្លងវីរុសហាន់តាបន្ថែម ខណៈប្រតិបត្តិការជម្លៀសអ្នកដំណើរចេញពីនាវាទេសចរណ៍ជិតបញ្ចប់ជាស្ថាពរ
N
Nary Vann
11 ឧសភា 2026 03:22 PM

អន្តរប្រទេស៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលអេស្ប៉ាញ បានប្រកាសថា ប្រតិបត្តិការជម្លៀសអ្នកដំណើរចេញពីនាវាទេសចរណ៍ដ៏ប្រណីត MV Hondius ដែលកំពុងរងការវាយប្រហារដោយវីរុសហាន់តា (Hantavirus) នឹងត្រូវបញ្ចប់ជាស្ថាពរនៅថ្ងៃទី១១ ខែឧសភានេះ តាមរយៈជើងហោះហើរពិសេសមកពីប្រទេសអូស្ត្រាលី និងហូឡង់ ដើម្បីដឹកអ្នកដំណើរដែលនៅសេសសល់ចេញពីកោះ Tenerife។

យោងតាមរបាយការណ៍ចុងក្រោយ មនុស្សចំនួន៨នាក់បានធ្លាក់ខ្លួនឈឺ (ក្នុងនោះ ៦នាក់ត្រូវបានបញ្ជាក់ថា មានមេរោគ) និង៣នាក់បានបាត់បង់ជីវិត។ ជាមួយគ្នា ក្រសួងសុខាភិបាលសហរដ្ឋអាម៉េរិក បានបញ្ជាក់ថា ក្នុងចំណោមពលរដ្ឋខ្លួន១៧នាក់ មានម្នាក់បានតេស្តវិជ្ជមានវីរុសប្រភេទ Andes Strain និងម្នាក់ទៀតមានរោគសញ្ញាស្រាល ខណៈប្រទេសបារាំង ក៏បានរកឃើញអ្នកដំណើរម្នាក់ឆ្លងវីរុសនេះ ហើយស្ថានភាពសុខភាពកំពុងមានការធ្លាក់ចុះដុនដាបផងដែរ។

នាវា MV Hondius ដែលមានអ្នកដំណើរ និងនាវិកសរុប១៤៧នាក់ បានក្លាយជាចំណុចកណ្ដាលនៃក្ដីបារម្ភ ចាប់តាំងពីមានការរាយការណ៍អំពីជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ កាលពីដើមខែឧសភា។ ដើម្បីទប់ស្កាត់ការរីករាលដាល អង្គការសុខភាពពិភពលោក (WHO) បានណែនាំឱ្យអ្នកដំណើរទាំងអស់ធ្វើចត្តាឡីស័ករយៈពេល៤២ថ្ងៃ ចាប់ពីថ្ងៃអាទិត្យម្សិលមិញតទៅ។ ចំពោះនាវិកចំនួន៣០នាក់ដែលនៅសេសសល់ នឹងត្រូវនាំយកពីនាវាឆ្ពោះទៅកាន់ប្រទេសហូឡង់នៅល្ងាចថ្ងៃចន្ទនេះ ដើម្បីធ្វើការបាញ់ថ្នាំសម្លាប់មេរោគឱ្យបានហ្មត់ចត់។

បើទោះបីជាវីរុសនេះ អាចឆ្លងពីមនុស្សទៅមនុស្សក្នុងករណីកម្រក៏ដោយ ប៉ុន្តែអាជ្ញាធរសុខាភិបាលសកល រួមទាំងប្រធានស្ដីទីនៃមជ្ឈមណ្ឌល CDC សហរដ្ឋអាម៉េរិក លោក ជេយ បាត្តាឆារីយ៉ា (Jay Bhattacharya) បានអំពាវនាវឱ្យសាធារណជនរក្សាភាពស្ងប់ស្ងាត់ ដោយបញ្ជាក់ថា វីរុសហាន់តា នេះមិនមែនជាជំងឺកូវីដ-១៩ ឡើយ ហើយវាក៏មិនងាយឆ្លងរាលដាលខ្លាំងដល់ប្រជាជនទូទៅនោះដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត