
រដ្ឋធានីប៉េកាំង៖ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់រដ្ឋធានីប៉េកាំង លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ អះអាងនៅថ្ងៃសុក្រទី១៥ ខែឧសភានេះថា លោកបានពិភាក្សាអំពីបញ្ហាប្រទេសអ៊ីរ៉ង់ ជាមួយលោកប្រធានាធិបតីចិន ស៊ី ជីនពីង ដោយបានឈានដល់ចំណុចឯកភាពគ្នាក្នុងកម្រិតខ្ពស់បំផុត ដើម្បីទប់ស្កាត់ប្រទេសអ៊ីរ៉ង់មិនឱ្យកាន់កាប់អាវុធនុយក្លេអ៊ែរជាដាច់ខាត និងដាក់សម្ពាធឱ្យច្រកសមុទ្ទហ័រមូស្សបើកចំហ...។

មេដឹកនាំទាំង២ បានជួបគ្នានៅក្នុងវិមានចុងណានហៃ (Zhongnanhai) ក្នុងរដ្ឋធានីប៉េកាំង ខណៈលោក ត្រាំ បានបញ្ជាក់ថា៖«យើងបានដោះស្រាយបញ្ហាផ្សេងៗគ្នាជាច្រើន ដែលអ្នកផ្សេងទៀតមិនអាចដោះស្រាយបានឡើយ។ ទាំងសហរដ្ឋអាម៉េរិក និងចិន សុទ្ធតែមានគោលដៅតែមួយ គឺមិនចង់ឱ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរ និងចង់ឱ្យច្រកសមុទ្ទយុទ្ធសាស្ត្របើកដំណើរការឡើងវិញ»។ ការព្រមព្រៀងគ្នារវាងរដ្ឋធានីវ៉ាស៊ីនតោន និងប៉េកាំងនៅពេលនេះ គឺជាសម្ពាធដ៏ធ្ងន់បំផុតមិនធ្លាប់មាន ធ្លាក់ទៅលើស្មារបស់អ៊ីរ៉ង់។ ស្របពេលសង្គ្រាមកំពុងឆាបឆេះ ការណ៍ដែលមហាមិត្តចិនងាកទៅចាប់ដៃជាមួយសហរដ្ឋអាម៉េរិក ក្នុងរឿងច្រកសមុទ្ទ និងអាវុធនុយក្លេអ៊ែរបែបនេះ គឺជាសញ្ញាអាសន្នថា អ៊ីរ៉ង់កំពុងស្ថិតក្នុងភាពឯកោផ្នែកភូមិសាស្ត្រនយោបាយ ហើយវាក៏បង្ហាញយើងឱ្យឃើញច្បាស់ពីមិត្តសម្ព័ន្ធផងដែរថា៖«ថ្ងៃនេះ អ្នកជាមិត្តដ៏ល្អរបស់ខ្ញុំ! ប៉ុន្តែនៅថ្ងៃស្អែក..សត្រូវរបស់អ្នកក៏អាចក្លាយជាដៃគូសហការរបស់ខ្ញុំដែរ។» នេះហើយទំនាក់ទំនងអន្តរជាតិ! អ្វីដែលសំខាន់គឺផលប្រយោជន៍ មិនមែនការរាប់អានគ្នាឡើយ។

អស់រយៈពេលជាយូរមកហើយ អ៊ីរ៉ង់តែងតែរំពឹងចិនជា«ខ្នងបង្អែក» ទាំងសេដ្ឋកិច្ច និងនយោបាយ ដើម្បីទប់ទល់នឹងទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក។ យ៉ាងណា ការដែលលោក ស៊ី ជីនពីង ឯកភាពលើសំណើរបស់លោក ត្រាំ ដើម្បីទប់ស្កាត់អ៊ីរ៉ង់ មិនឱ្យមានអាវុធនុយក្លេអ៊ែរ និងការដាក់គំនាបឱ្យអ៊ីរ៉ង់បើកច្រកសមុទ្ទ គឺជាសញ្ញាបង្ហាញថា ផលប្រយោជន៍របស់ចិន មានតម្លៃធំជាងសម្ព័ន្ធភាពជាមួយរដ្ឋធានីតេហេរ៉ង់ ខណៈបរិយាកាសភូមិសាស្ត្រនយោបាយអ៊ីរ៉ង់ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ បានប្រែជាខ្មៅងងឹតសូន្យស៊ុង។ ទោះបីជាយ៉ាងណាក៏ដោយ មានសំណួរជាច្រើនចោទសួរថា តើការឯកភាពរបស់មេដឹកនាំចិន លើសំណើរលោកត្រាំ ក្នុងការទប់ស្កាត់អ៊ីរ៉ង់មិនឱ្យមានអាវុធនុយក្លេអ៊ែរ ជាល្បែងយុទ្ធសាស្ត្រនាគរាជអាស៊ី ឬយ៉ាងណា...? ឬក៏ជាការបោះបង់មិត្តភាពយិនស៊ិន រួចតម្កល់ផលប្រយោជន៍ជាតិចិនធំជាង..? ខណៈកោះតៃវ៉ាន់នៅតែជាវិញ្ញាសាក្ដៅគគុក...៕




