
រាជធានីភ្នំពេញ៖ រយៈពេល៤ខែ ឆ្នាំ២០២៦ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង២លាននាក់។ ចំនួននេះបានថយចុះ៤ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់របស់លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល ត្រូវបានផ្សាយបន្តដោយក្រសួងព័ត៌មាន កាលពីយប់ថ្ងៃទី១៦ ខែឧសភា...។

លោក ស៊ីន ចាន់សិរីវុត្ថា បញ្ជាក់ថា រយៈពេល៤ខែ គិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៦ អាកាសយានដ្ឋានអន្តរជាតិទាំង៣របស់កម្ពុជា (តេជោ-សៀមរាបអង្គរ-ព្រះសីហនុ) បានទទួលជើងហោះហើរចេញ-ចូល (ទ្វេទិស) ចំនួន២៣២០៤ជើង មានការកើនឡើងប្រមាណ២ភាគរយ។ សម្រាប់អ្នកដំណើរចេញ-ចូល (ទ្វេទិស) មានចំនួន២ ៤២៨ ០០៩នាក់ មានការថយចុះប្រមាណ៤ភាគរយ។ ដោយឡែក ទំនិញតាមផ្លូវអាកាសចេញ-ចូល (ទ្វេទិស) មានចំនួន៣០៤៤៨តោន កើនឡើងប្រមាណ៣៦ភាគរយ។

បើតាមលោក ស៊ីន ចាន់សិរីវុត្ថា គិតត្រឹមថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ មានក្រុមហ៊ុនអាកាសចរណ៍ ដែលកំពុងប្រតិបត្តិការហោះហើរចេញ-ចូល ចំនួន៣៣ក្រុមហ៊ុន ក្នុងនោះ៖ ក្រុមហ៊ុនក្នុងស្រុក៤ និងអន្តរជាតិចំនួន២៩ ដែលមានជើងហោះហើរ (ទ្វេទិស) អាកាសយានដ្ឋានអន្តរជាតិតេជោ ចំនួន៧០៨ជើង/សប្តាហ៍, អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ចំនួន២២៤ជើង/សប្តាហ៍, អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ចំនួន៥០ជើង/សប្តាហ៍ និងអាកាសយានដ្ឋានតារាសាគរ ចំនួន៤ជើង/សប្តាហ៍ (ទ្វេទិស)៕



