ត្រាំ រកសន្តិភាពឱ្យអាហ្សែបៃហ្សង់ និងអាមេនី បន្ទាប់ពីជម្លោះជាច្រើនទសវត្សរ៍
ហៀប ស៊ីថេត
09 សីហា 2025 04:00 AM

រដ្ឋធានីវ៉ាស៊ីនតោន៖ អាហ្សែបៃហ្សង់ និងអាមេនី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ដែលសម្របសម្រួលដោយសហរដ្ឋអាម៉េរិក កាលពីថ្ងៃទី៨សីហា ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដែលនឹងជំរុញទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី បន្ទាប់ពីជម្លោះជាច្រើនទសវត្សរ៍ និងជំរុញប្រទេសទាំង២ ឆ្ពោះទៅរកប្រក្រតីភាពពេញលេញនៃទំនាក់ទំនងរបស់ពួកគេ។

លោក អ៊ីលហាម អាលីយ៉េ(ឆ្វេង), លោក ដូណាល់ ត្រាំ(កណ្តាល), និងលោក លោក នីកូល ប៉ាស៊ីនយ៉ាន
លោក អ៊ីលហាម អាលីយ៉េ(ឆ្វេង), លោក ដូណាល់ ត្រាំ(កណ្តាល), និងលោក លោក នីកូល ប៉ាស៊ីនយ៉ាន

កិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសអាហ្សែបៃហ្សង់-អាមេនី នឹងក្លាយជាសមិទ្ធផលដ៏សំខាន់មួយទៀតសម្រាប់រដ្ឋបាលត្រាំ។ លោក ត្រាំ បានលើកឡើងនៅក្នុងពិធីចុះហត្ថលេខានៅឯសេតវិមាន អមដោយប្រធានាធិបតីអាហ្សែបៃហ្សង់ លោក អ៊ីលហាម អាលីយ៉េវ (Ilham Aliyev) និងនាយករដ្ឋមន្ត្រីអាមេនី លោក នីកូល ប៉ាស៊ីនយ៉ាន (Nikol Pashinyan)ថា៖«វាយូរណាស់រយៈពេល៣៥ឆ្នាំ ដោយពួកគេបានប្រយុទ្ធ ហើយឥឡូវនេះពួកគេជាមិត្តនឹងគ្នា ហើយពួកគេនឹងធ្វើជាមិត្តដែលមានរយៈពេលយូរ»។ លោក ត្រាំ លើកឡើងបន្តថា ប្រទេសទាំង២ បានប្តេជ្ញាបញ្ឈប់ការប្រយុទ្ធគ្នា បើកទំនាក់ទំនងការទូត និងគោរពបូរណភាពទឹកដីគ្នាទៅវិញទៅមក។ កិច្ចព្រមព្រៀងនេះរួមបញ្ចូលទាំងសិទ្ធិអភិវឌ្ឍន៍ផ្តាច់មុខរបស់សហរដ្ឋអាម៉េរិក ចំពោះច្រករបៀងឆ្លងកាត់យុទ្ធសាស្ត្រតាមរយៈ South Caucasus ដែលច្រករបៀងភ្ជាប់តំបន់អឺរ៉ុបខាងកើត និងអាស៊ីខាងលិច។

<br />

លោក ត្រាំ បានអះអាងថា សហរដ្ឋអាម៉េរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដាច់ដោយឡែកជាមួយប្រទេសនីមួយៗ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើថាមពល ពាណិជ្ជកម្ម និងបច្ចេកវិទ្យា រួមទាំងបញ្ញាសិប្បនិម្មិត។ ការរឹតបន្តឹងក៏ត្រូវបានដកចេញផងដែរ លើកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងអាស៊ែបៃហ្សង់ និងសហរដ្ឋអាម៉េរិក ជាការអភិវឌ្ឍមួយ ដែលនឹងធ្វើឱ្យរដ្ឋធានីម៉ូស្គូនៅមិនសុខឡើយ។ មេដឹកនាំទាំង២ បានសរសើរលោក ត្រាំ សម្រាប់ការជួយបញ្ចប់ជម្លោះ ហើយពួកគេនឹងឧទ្ទេសនាមលោកសម្រាប់ពានរង្វាន់ណូបែលសន្តិភាព ដូចកម្ពុជាដែរ ជុំវិញកិច្ចខិតខំប្រឹងប្រែងរបស់លោក ក្នុងការបញ្ជប់សង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជា។

អាមេនី និងអាស៊ែបៃហ្សង់ មានជម្លោះតាំងពីចុងទសវត្សរ៍ឆ្នាំ១៩៨០ នៅពេលប្រជាជនរស់នៅតំបន់ Nagorno-Karabakh របស់អាស៊ែបៃហ្សង់ បានផ្តាច់ខ្លួនចេញពីអាស៊ែបៃហ្សង់ ដោយមានការគាំទ្រពីអាមេនី។ ជាក់ស្តែង អាស៊ែបៃហ្សង់បានកាន់កាប់តំបន់នេះទាំងស្រុងនៅឆ្នាំ២០២៣ ដោយជំរុញឱ្យជនជាតិអាមេនីស្ទើរតែទាំងអស់នៃដែនដីនេះប្រមាណ១០ម៉ឺននាក់ ភៀសខ្លួនទៅកាន់ប្រទេសអាមេនីវិញ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត