មនុស្ស១១នាក់ស្លា.ប់ក្នុងហេតុការណ៍រថយន្តបុកទម្លុះចូលក្រុមមនុស្ស ក្នុងពិធីបុណ្យសមាគមជនជាតិហ្វីលីពីននៅកាណាដា
ហៀប ស៊ីថេត
28 មេសា 2025 01:41 AM

រដ្ឋធានីរ៉ូនតូ៖ សង្វេគណាស់ មនុស្សយ៉ាងតិចណាស់១១នាក់ មានអាយុចន្លោះពី៥ទៅ៦៥ឆ្នាំ បានដួលដេកស្លាប់ និងជាច្រើននាក់ទៀតរងរបួស ក្រោយបុរសម្នាក់បានបួងចង្កូតរថយន្តបុកទម្លុះចូលក្រុមមនុស្សនៅឯពិធីបុណ្យសហគមន៍ជនជាតិហ្វីលីពីនក្នុងទីក្រុងវ៉ាន់ខូវើរ (Vancouver) ភាគខាងលិចប្រទេសកាណាដា...។

ប៉ូលិសបានចាប់ខ្លួនបុរសវ័យ៣០ឆ្នាំនៅនឹងកន្លែងកើតហេតុភ្លាមៗក្នុងទីក្រុងវ៉ាន់ខូវើរ ខណៈអាជ្ញាអះអាងថា តៃកុងរថយន្តម្នាក់នោះគ្មាន​ភស្តុតាង​បង្ហាញពី​អំពើ​ភេរវកម្ម​ទេ ដោយលោកធ្លាប់មានប្រវត្តិពាក់ព័ន្ធនឹងវិបត្តិផ្លូវចិត្ត។ ប្រធានសន្តិសុខបណ្តោះអាសន្ននៅទីក្រុងវ៉ាន់ខូវើរ លោក ស្ទីហ្វ រ៉ៃ (Steve Rai) អះអាងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអាទិត្យទី២៧មេសាថា៖«នេះគឺជាថ្ងៃដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រនៅទីក្រុងរបស់យើង»។ លោកបន្តថា មនុស្ស​រាប់​សិប​នាក់​បាន​រង​របួស ខ្លះស្រាល ខ្លះ​ធ្ងន់ធ្ងរ ហើយ​ចំនួន​អ្នក​ស្លាប់​អាច​នឹង​កើន​ឡើង។ ជុំវិញហេតុការណ៍នេះ មន្ត្រីប៉ូលិសជាង១០០នាក់ បានចូលរួមក្នុងការស៊ើបអង្កេតឧប្បត្តិហេតុនេះ ខណៈមន្ត្រីមូលដ្ឋានបានធ្វើការជាមួយអាជ្ញាធរខេត្ត និងសហព័ន្ធ ដើម្បីផ្តល់សេវាគាំទ្រ ទន្ទឹមនឹងសារចូលរួមរំលែកទុក្ខត្រូវបានផ្ញើមកពីជុំវិញពិភពលោក។

ជាមួយគ្នា ប្រធានក្រុមតស៊ូមតិសហគមន៍ហ្វីលីពីន លោក អ័រជេ អាឃ្វីណូ (RJ Aquino) បានប្រាប់អ្នកយកព័ត៌មានថា៖«សហគមន៍[ហ្វីលីពីន]នឹងដក់ជាប់អារម្មណ៍តក់ស្លុតបែបនេះក្នុងរយៈពេលយូរ។ យើងចង់ប្រាប់អ្នករាល់គ្នាថា យើងកំពុងរងភាពសោកសៅ។ យើងចង់ប្រាប់អ្នករាល់គ្នាថា យើងបានឃើញ និងទទួលបានការគាំទ្រពីជុំវិញពិភពលោកនៅពេលនេះ»។ គួរបញ្ជាក់ថា ហេតុកាណ៍នេះកើតឡើង២ថ្ងៃមុនពេលការបោះឆ្នោតសហព័ន្ធរបស់ប្រទេសកាណាដា នៅថ្ងៃចន្ទទី២៨ ខែមេសាមកដល់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត