
រដ្ឋធានីព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃទី២១ ខែវិច្ឆិកាថា កូរ៉េខាងជើង និងរុស្ស៊ី បានចុះហត្ថលេខាលើពិធីសារ ស្តីពីកិច្ចសហប្រតិបត្តិការបន្ទាប់ពីកិច្ចប្រជុំ ដែលគ្របដណ្ដប់លើពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៅរដ្ឋធានីព្យុងយ៉ាង។

មានសេចក្តីលម្អិតតិចតួចនៅក្នុងរបាយការណ៍របស់ KCNA ប៉ុន្តែទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ីបានរាយការណ៍ដោយដកស្រង់ពីក្រសួងធនធានធម្មជាតិរបស់រុស្ស៊ីថា ប្រទេសទាំងពីរបានយល់ព្រមបង្កើនជើងហោះហើរ បន្ទាប់ពីកិច្ចប្រជុំនេះ។ របាយការណ៍បានឱ្យដឹងថា នៅចន្លោះខែមករា និងខែកញ្ញា ចំនួនអ្នកទេសចរដែលធ្វើដំណើររវាងប្រទេសរុស្ស៊ី និងកូរ៉េខាងជើង មានចំនួនជាង៥ពាន់នាក់ ក្នុងនោះជាង៧០ ភាគរយធ្វើដំណើរតាមយន្តហោះ។ ជើងហោះហើរដែលត្រូវពង្រីក នឹងចេញដំណើរមិនត្រឹមតែពីតំបន់ភាគខាងកើតរបស់រុស្ស៊ីនៅជិតប្រទេសកូរ៉េខាងជើងប៉ុណ្ណោះទេ ប៉ុន្តែក៏មកពីទីក្រុងសំខាន់ៗរបស់រុស្ស៊ី នៅជុំវិញប្រទេសផងដែរ។

KCNA បានចុះផ្សាយថា គណៈប្រតិភូរុស្ស៊ីដឹកនាំដោយរដ្ឋមន្ត្រីធនធានធម្មជាតិ លោក អាឡិចសាន់ឌឺ កូសឡូវ (Alexander Kozlov) ដែលបានជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីថ្ងៃចន្ទនោះ ឥឡូវនេះបានចាកចេញពីរដ្ឋធានីព្យុងយ៉ាងហើយ។ ក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរូបនេះ សត្វមួយចំនួនត្រូវបានផ្ទេរទៅឱ្យសួនសត្វកូរ៉េខាងជើង ជាអំណោយរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ គួរបញ្ជាក់ថា រដ្ឋធានីព្យុងយ៉ាង និងមូស្គូ បានពង្រីកទំនាក់ទំនងការទូត និងសេដ្ឋកិច្ចក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោយដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់កូរ៉េខាងជើងកាលពីខែមិថុនា នៅពេលដែលមេដឹកនាំប្រទេសបានយល់ព្រមលើកតិកាសញ្ញាការពារទៅវិញទៅមក៕



