មន្ត្រីវៀតណាម ណែនាំពលរដ្ឋដែលត្រូវបានជួញដូរដោយជនជាតិចិនមកកម្ពុជា បង្កើនការប្រុងប្រ័យ័ត្ន
ហៀប ស៊ីថេត
07 កុម្ភៈ 2025 07:30 AM

រដ្ឋធានីហាណូយ៖ ពលរដ្ឋវៀតណាម២៤នាក់ ត្រូវបានបោកបញ្ឆោតដោយជនជាតិចិន ដែលក្លែងបន្លំសន្យាផ្តល់ «ការងារងាយស្រួលជាមួយប្រាក់ខែខ្ពស់» នៅកម្ពុជា ត្រូវបានធ្វើមាតុភូមិនិវត្តន៍ និងទទួលបានការណែនាំអប់រំបន្ថែមពីមន្ត្រីនគរបាលវៀតណាម។ នេះបើតាមការចុះផ្សាយដោយការសែត VN Express នៅថ្ងៃសុក្រទី៧ ខែកុម្ភៈ។

ពលរដ្ឋវៀតណាម​ទាំង២៤នាក់ បាន​ត្រឡប់​ទៅ​ប្រទេស​កំណើតវិញ​​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិហាទៀងនៃ​ខេត្តក្រមួន-ស (Kien Giang) កម្ពុជាក្រោម កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ទី៦កុម្ភៈ។​ ប៉ូលិសខេត្តក្រមួន-ស អះអាងថា ជន​រង​គ្រោះ​ គឺមក​ពី​បណ្តាខេត្ត​-ក្រុង​នានានៅក្នុងប្រទេសវៀតណាម ហើយពួកគេត្រូវបានជ្រើសរើសតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមជាមួយនឹងការផ្ដល់ជូនលក្ខខណ្ឌការងារងាយស្រួល ប្រាក់ចំណូលរាប់ពាន់ដុល្លារ ដោយមិនទាមទារបទពិសោធ។ ពួក​គេ​ត្រូវ​បាន​គេ​រត់​ពន្ធ​ឆ្លង​ដែន​ខុស​ច្បាប់ដោយ​ជនជាតិ​ចិន ចូលមកកាន់ទឹកដីកម្ពុជា។ រស់នៅប្រទេសកម្ពុជា ជនជាតិវៀតណាមទាំងនោះ ត្រូវបានបង្ខិតបង្ខំឱ្យប្រតិបត្តិការហៅទូរសព្ទឆបោក និងការឆបោកតាមប្រព័ន្ធអនឡាញ ចំពោះអ្នកដែលមិនធ្វើតាម ឬព្យាយាមរត់គេចខ្លួន ពួកគេត្រូវប្រឈមនឹងការបំពានដោយហិង្សាលើរាងកាយ។

ក្នុងប៉ុន្មានខែថ្មីៗនេះ ខេត្តវៀតណាម (ដែនដីកម្ពុជាក្រោម) ដែលជាប់ជាមួយព្រំដែនប្រទេសកម្ពុជាដូចជា៖ ខេត្តរោងដំរី (Tay Ninh), ខេត្តកំពង់គោ (Long An), ខេត្តមាត់ជ្រូក (An Giang), ខេត្តផ្សារដែក (Dong Thap) និងខេត្តក្រមួន-ស (Kien Giang) បន្តទទួលពលរដ្ឋខ្លួន ដែលត្រូវបានជួយសង្គ្រោះពីក្រុមហ៊ុនបោកប្រាស់ និងកាស៊ីណូខុសច្បាប់។ ភាគច្រើននៃពួកគេ ត្រូវបានបោកបញ្ឆោតឱ្យធ្វើដំណើរមកកាន់កម្ពុជាកណ្តាល និងត្រូវបានបង្ខំឱ្យបន្តបោកបញ្ឆោតជនជាតិវៀតណាមផ្សេងទៀតតាមអ៊ីនធឺណិត។ យោងតាមក្រសួងការបរទេសវៀតណាម រហូតមកដល់ពេលនេះ ជនរងគ្រោះជាង១០០០នាក់ ត្រូវបានជួយសង្គ្រោះចេញពីប្រទេសកម្ពុជា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត