កូនកោងកាង៤ពាន់ដើម ត្រូវបានដាំស្តារលើផ្ទៃដីរិចរិល២ហិកតា នៃតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង
S
Soriya Sou
3 ខែមុន

ក្រុងខេមរភូមិន្ទ៖ កូនកោងកាងចំនួន៤០០០ដើម ត្រូវបាននាយកដ្ឋានអភិរក្សតំបន់ឆ្នេរ និងសមុទ្ទ នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថាន សហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាសាគរសាស្ត្រ ក្រសួងធនធានធម្មជាតិនៃសាធារណរដ្ឋប្រជាមានិតចិន រៀបចំដាំស្តារឡើងវិញលើផ្ទៃដីរិចរិលទំហំ២ហិកតា ស្ថិតនៅតំបន់អភិរក្សសេនេទិកត្តាមថ្ម និងក្តាមជ័រ នៃតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង...។ 

មន្រ្តីក្រសួងបរិស្ថាន បានឱ្យដឹងថា ពិធីដាំកូនកោងកាងជាង៤ពាន់ដើមនេះ ធ្វើឡើងកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ស៊ុយ ធា ប្រធាននាយកដ្ឋានអភិរក្សតំបន់ឆ្នេរ និងសមុទ្ទ និងក្រុមជំនាញការ NOTC ដឹកនាំដោយសាស្ត្រាចារ្យ តេង ហ្ស៊ីង (Teng Xin) និងមានការចូលរួមពីមន្ត្រីឧទ្យានុរក្សតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង អាជ្ញាធរ ព្រមទាំងសិស្សានុសិស្សអនុវិទ្យាល័យភូមិកំពុងស្តាំ ជាច្រើនរូបទៀត។ ការដាំកូនឈើនាពេលនេះ ក្នុងគោលបំណងផ្សព្វផ្សាយពីតំបន់អភិរក្សធនធានសេនេទិកត្តាមថ្ម និងក្តាមជ័រ ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ដល់សាធារណជន និងប្រជាសហគមន៍ក្នុងតំបន់ ដើម្បីចូលរួមចំណែកអភិរក្ស និងគ្រប់គ្រងធនធានសមុទ្ទ ព្រមទាំងចូលរួមអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន២០២៣-២០២៨។ ការដាំដើមឈើ ផ្ដល់ផលប្រយោជន៍ធំធេងណាស់ សម្រាប់ប្រទេសជាតិយើង ដែលធ្វើឱ្យមានគម្របបៃតងលើធម្មជាតិ ហើយមានអត្ថប្រយោជន៍សម្រាប់មនុស្សជាតិទាំងអស់គ្នា និងសត្វគ្រប់ប្រភេទនៅលើភពផែនដី៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត