កូនកោងកាង៥ពាន់ដើម ត្រូវបានដាំបន្ថែមក្នុងខេត្តកោះកុង ការពារគ្រោះធម្មជាតិ
S
Soriya Sou
02 មីនា 2025 11:00 AM


ក្រុងខេមរភូមិន្ទ៖ កូនដើមកោងកាងប្រមាណជា៥ពាន់ដើម ត្រូវបានក្រសួងបរិស្ថាន និងភាគីពាក់ព័ន្ធ នាំយកទៅដាំបន្ថែមនៅសហគមន៍កោះកាពិ ក្នុងខេត្តកោះកុង ខណៈដើមកោងកាង បានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់បរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី…។

លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន
លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន

កូនដើមកោងកាងប្រមាណជា៥ពាន់ដើម ត្រូវបានយកទៅដាំក្នុងពិធីបុណ្យកោងកាងសន្តិភាព រៀបចំឡើងនៅថ្ងៃទី២៨កុម្ភៈ ដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ នៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។ ថ្លែងនៅចំពោះមុខរដ្ឋបាលខេត្តកោះកុង អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ក្រុមយុវជនអ្នកស្រឡាញ់បរិស្ថាន អង្គការមេត្តាធម្មជាតិ និងប្រជាសហគមន៍ជាច្រើននាក់ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បញ្ជាក់ថា ការនាំយកកូនកោងកាងមកដាំបន្ថែមប្រមាណ៥ពាន់ដើមនេះ គឺដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារសំខាន់នៃព្រៃកោងកាង ដែលជាប្រព័ន្ធអេកូឡូស៊ីដ៏សំខាន់ដោយវាបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់បរិស្ថាន និងសង្គម ដូចជា ការពារឆ្នេរ ការពារពីគ្រោះធម្មជាតិ ដូចជាខ្យល់ព្យុះ ផ្តល់ជម្រកដល់ជីវៈចម្រុះ និងជាប្រភពចំណូលសម្រាប់សហគមន៍មូលដ្ឋាន។

លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ព្រមទាំងមន្រ្តីពាក់ព័ន្ធ ចូលរួមដាំដើមកោងកាង
លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ព្រមទាំងមន្រ្តីពាក់ព័ន្ធ ចូលរួមដាំដើមកោងកាង

រដ្ឋមន្រ្តីបរិស្ថាន លើកឡើងបន្ថែមពីអត្ថប្រយោជន៍នៃព្រៃកោងកាង ដែលអាចជួយទប់លំនឹងដី និងការពារឆ្នេរសមុទ្ទពីការហូរច្រោះ និងការបាក់ដី ថែមទាំងដើរតួជាតម្រងធម្មជាតិ ជួយត្រងសារធាតុបំពុល និងកាកសំណល់ចេញពីទឹក ជាពិសេសជួយកែលម្អគុណភាពទឹក និងរក្សាលំនឹងបរិស្ថានទឹក ព្រមទាំងជាជម្រកដ៏សំខាន់ម្រាប់ពពួកមច្ឆជាតិ និងសត្វសមុទ្ទជាច្រើនប្រភេទ ជាពិសេសជាកន្លែងបន្តពូជពង្ស កូន និងលូតលាស់ដ៏ល្អប្រសើរសម្រាប់ជីវិតសត្វសមុទ្ទគ្រប់ប្រភេទ ដែលជាការទ្រទ្រង់ដល់សេដ្ឋកិច្ចប្រជានេសាទ និងសន្តិសុខស្បៀង។ ជាងនេះទៅទៀត ព្រៃកោងកាងមានសមត្ថភាពខ្ពស់ក្នុងការស្រូបយកកាបូនឌីអុកស៊ីត (CO2) ពីបរិយាកាស ជាឧស្ម័នផ្ទះកញ្ចក់ ដែលបណ្តាលឱ្យមានការប្រែប្រួលអាកាសធាតុ និងបានដើរតួនាទីយ៉ាងសំខាន់ ធ្វើជារបាំងទៅនឹងការប្រែប្រួលអាកាសធាតុ និងបានផ្តល់នូវប្រភពចំណូល និងការងារដល់សហគមន៍មូលដ្ឋាន។

រូបភាពពី ក្រសួងបរិស្ថាន
រូបភាពពី ក្រសួងបរិស្ថាន

តាមរយៈការងារកសិកម្ម ការនេសាទ ការចិញ្ចឹមសត្វ ការរៀបចំទេសចរណ៍ធម្មជាតិ និងផលិតផលព្រៃឈើផ្សេងៗទៀត ប្រទេសកម្ពុជា មានព្រៃកោងកាងគ្របដណ្ដប់លើផ្ទៃដីទំហំប្រមាណ៦ម៉ឺនហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តកែប កំពត ព្រះសីហនុ និងខេត្តកោះកុង។ ក្នុងនោះ ខេត្តកោះកុងមានទំហំធំជាងគេ គឺប្រមាណជាង៤ម៉ឺនហិកតា ស្មើនឹង៨០ភាគរយ នៃផ្ទៃដីព្រៃកោងកាងនៅកម្ពុជា។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ក្រសួងបរិស្ថាន៕

រូបភាពពី ក្រសួងបរិស្ថាន
រូបភាពពី ក្រសួងបរិស្ថាន
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត