
កុងហ្គោ៖ អង្គការសុខភាពពិភពលោក ហៅកាត់ថា WHO នៅថ្ងៃអាទិត្យទី១៧ ខែឧសភានេះ បានប្រកាសជាផ្លូវការថា ការផ្ទុះឡើងនៃវីរុសអេបូឡា (Ebola) នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងប្រទេសអ៊ូហ្គង់ដា គឺជា «ភាពអាសន្នសុខភាពសាធារណៈដែលគួរឱ្យព្រួយបារម្ភជាអន្តរជាតិ»...។

ទោះជាយ៉ាងណា អង្គការ WHO បានបញ្ជាក់ថា ការរីករាលដាលនៃវីរុសប្រភេទថ្មីនេះ (Bundibugyo virus) មិនទាន់ឈានដល់កម្រិតដែលត្រូវប្រកាសជាជំងឺរាតត្បាតសកលឡើយ។ ផ្អែកតាមរបាយការណ៍គិតត្រឹមថ្ងៃសៅរ៍ នៅក្នុងខេត្តអ៊ីទូរី (Ituri) ភាគខាងកើតប្រទេសកុងហ្គោ មានករណីសង្ស័យថា បានស្លាប់ចំនួន៨០នាក់ ករណីឆ្លងដែលបញ្ជាក់ដោយមន្ទីរពិសោធចំនួន៨ករណី និងករណីសង្ស័យផ្សេងទៀតចំនួន២៤៦ករណី។ អ្វីដែលធ្វើឱ្យគេព្រួយបារម្ភកាន់តែខ្លាំង គឺមេរោគនេះបានចាប់ផ្ដើមឆ្លងរាលដាលដល់ទីក្រុងធំៗហើយ ដោយមានការរកឃើញករណីឆ្លងម្នាក់នៅក្នុងរដ្ឋធានីគីនសាសា (Kinshasa) របស់កុងហ្គោ បន្ទាប់ពីបុគ្គលនោះបានធ្វើដំណើរត្រឡប់មកពីតំបន់ផ្ទុះជំងឺ។

ទន្ទឹមនឹងនោះ នៅក្នុងរដ្ឋធានីកំប៉ាឡា (Kampala) នៃប្រទេសអ៊ូហ្គង់ដា ក៏បានរកឃើញអ្នកឆ្លងវីរុសនេះចំនួន២នាក់ផងដែរ (ក្នុងនោះម្នាក់បានស្លាប់) ពួកគេគឺជាអ្នកធ្វើដំណើរមកពីប្រទេសកុងហ្គោ។ បច្ចុប្បន្ន ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិ រួមជាមួយអាជ្ញាធរសុខាភិបាលនៃប្រទេសទាំងពីរ កំពុងតែមមាញឹកយ៉ាងខ្លាំងក្នុងការដាក់វិធានការទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលនៃវីរុសដ៏កាចសាហាវនេះ ដើម្បីកុំឱ្យវាឆ្លងរាលដាលកាន់តែខ្លាំងជាងនេះនៅលើឆាកអន្តរជាតិ៕





