អាម៉េរិក កែសម្រួលសេចក្តីសម្រេចអង្គការសហប្រជាជាតិ ដើម្បីដាក់សម្ពាធអ៊ីរ៉ង់ ប៉ុន្តែចិន-រុស្ស៊ី អាចនឹងបដិសេធ
ហៀប ស៊ីថេត
09 ឧសភា 2026 03:00 PM

រដ្ឋធានីវ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិក បានកែសម្រួលសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីដាក់សម្ពាធលើប្រទេសអ៊ីរ៉ង់ឱ្យបញ្ឈប់ការវាយប្រហារលើនាវា និងការដាក់មីននៅក្នុងច្រកសមុទ្ទហ័ររមូស្ស។ ប៉ុន្តែ ក្រុមអ្នកការទូតបានព្រមានថា ការផ្លាស់ប្ដូរខ្លឹមសារនេះ មិនអាចចៀសផុតពីការបដិសេធ (ឬការប្រើសិទ្ធិវេតូ) ពីសំណាក់ចិន និងរុស្ស៊ី បានឡើយ។ 

លោក ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ

យោងតាមសេចក្តីព្រាង ចេញផ្សាយដោយសារព័ត៌មានរ៉យទ័រ នៅថ្ងៃសៅរ៍ទី៩ ខែឧសភា ឆ្នាំ២០២៦ រដ្ឋធានីវ៉ាស៊ីនតោន បានយល់ព្រមលុបចោលជំពូកទី៧ ដែលជាជំពូកអនុញ្ញាតឱ្យក្រុមប្រឹក្សាសន្តិសុខប្រើប្រាស់វិធានការតឹងរ៉ឹងលើអ៊ីរ៉ង់ ចាប់ពីការដាក់ទណ្ឌកម្មរហូតដល់ការប្រើប្រាស់កម្លាំងយោធា។ យ៉ាងណា សេចក្តីព្រាងថ្មីនៅតែចោទប្រកាន់ចំៗលើអ៊ីរ៉ង់ ចំពោះការវាយប្រហារលើនាវា និងការដាក់មីនក្នុងច្រកសមុទ្ទហ័រមូស្ស។ រដ្ឋធានីវ៉ាស៊ីនតោន បានបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខ នឹងប្រជុំម្ដងទៀតដើម្បីពិភាក្សាលើវិធានការប្រកបដោយប្រសិទ្ធភាព រួមទាំងវិធានការដាក់ទណ្ឌកម្ម ប្រសិនបើអ៊ីរ៉ង់មិនអនុវត្តតាម។

រុស្ស៊ីបានរិះគន់សេចក្តីព្រាងនេះថា មានលក្ខណៈលម្អៀង និងបង្កជម្លោះ ដែលអាចធ្វើឱ្យស្ថានភាពនៅមជ្ឈិមបូព៌ាកាន់តែផ្ទុះឡើងខ្លាំង។ គេនៅចាំបានថា កាលពីខែមេសាកន្លងទៅ រុស្ស៊ី និងចិនក៏បានរួមដៃគ្នាប្រើសិទ្ធិវេតូម្ដងរួចមកហើយ ដើម្បីរារាំងសេចក្តីសម្រេចស្រដៀងគ្នានេះ។ សម្រាប់ប្រទេសចិន ការប្រើសិទ្ធិវេតូនៅពេលនេះអាចជារឿងដ៏រសើប ខណៈប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ គ្រោងនឹងធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅប្រទេសចិននាសប្តាហ៍ក្រោយនេះ ដែលបញ្ហាសង្គ្រាមអ៊ីរ៉ង់នឹងក្លាយជាប្រធានបទក្ដៅក្នុងរបៀបវារៈនៃការពិភាក្សាគ្នា។

ទង់ជាតិប្រទេសដែលមានសិទ្ធិវេតូ
ទង់ជាតិប្រទេសដែលមានសិទ្ធិវេតូ

រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) បានហៅសេចក្តីសម្រេចដែលស្នើឡើងនេះ ថាជាការសាកល្បងលើអត្ថប្រយោជន៍របស់អង្គការសហប្រជាជាតិ និងបានជំរុញឱ្យរដ្ឋធានីប៉េកាំង និងមូស្គូ កុំប្រើសិទ្ធិវេតូរារាំងសេចក្តីសម្រេចនេះ៕

លោក ម៉ាកូ រ៉ូប៊ីអូ 
លោក ម៉ាកូ រ៉ូប៊ីអូ 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត