
អ.ស.ប៖ ប្រធានក្រុមការងារពិសេសរបស់អង្គការសហប្រជាជាតិ លោក ចច ម៉ូរីរ៉ា ដា ស៊ីលវ៉ា (Jorge Moreira da Silva) បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃទី១១ឧសភាថា ពិភពលោកកំពុងស្ថិតក្នុងដង្ហើមចុងក្រោយនៃការបង្ការវិបត្តិមនុស្សធម៌ដ៏ធំធេង ដែលអាចរុញច្រានមនុស្សរហូតដល់៤៥លាននាក់ ឱ្យធ្លាក់ក្នុងស្ថានភាពអត់ឃ្លាន និងដាច់ពោះស្លាប់...។

ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីប្រទេសអ៊ីរ៉ង់បន្តបិទខ្ទប់ច្រកសមុទ្ទយុទ្ធសាស្ត្រហ័រមូស្ស អស់រយៈពេលជាច្រើនខែ ដើម្បីសងសឹកនឹងសង្រ្គាមដែលបានផ្ទុះឡើងកាលពីចុងខែកុម្ភៈ ខណៈសកម្មភាពកងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់នេះ បានធ្វើឱ្យកកស្ទះដល់ការដឹកជញ្ជូនជីកសិកម្មសកលរហូតដល់មួយភាគបីនៃបរិមាណសរុប រួមមាន៖ វត្ថុធាតុដើមសំខាន់ៗដូចជា អាម៉ូញាក់ ស៊ុលហ្វួរ និងអ៊ុយរ៉េ ដែលកសិករទូទាំងពិភពលោកត្រូវការជាចាំបាច់ក្នុងរដូវដាំដុះ។

ទោះបីជាអង្គការសហប្រជាជាតិ ខិតខំបង្កើតយន្តការសម្របសម្រួលតាំងពីខែមីនា ដើម្បីសុំឱ្យភាគីជម្លោះអនុញ្ញាតឱ្យនាវាដឹកជីកសិកម្មអាចឆ្លងកាត់ច្រកសមុទ្ទហ័រមូស្សបានក៏ដោយ ប៉ុន្តែកិច្ចប្រឹងប្រែងនេះនៅតែមិនទាន់ទទួលបានជោគជ័យពេញលេញនៅឡើយ ដោយសហរដ្ឋអាម៉េរិក កងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ និងបណ្ដាប្រទេសនៅតំបន់ឈូងសមុទ្ទ ដែលជាអ្នកផលិតជីធំៗ មិនមានការឯកភាពគ្នាទាំងស្រុងលើផែនការសង្គ្រោះផ្លូវដឹកជញ្ជូនសកលដ៏មានសារសំខាន់មួយនេះ។

លោក ម៉ូរីរ៉ា ដា ស៊ីលវ៉ា បានសង្កត់ធ្ងន់ថា ពេលវេលាសម្រាប់សង្គ្រោះពិភពលោកនៅសល់ត្រឹមតែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ ព្រោះរដូវដាំដុះនៅក្នុងប្រទេសមួយចំនួន ជាពិសេសនៅតំបន់អាហ្វ្រិក និងអាស៊ី ជិតដល់ពេលបញ្ចប់ហើយ។ ពិភពលោក កំពុងផ្ដោតខ្លាំងលើផលប៉ះពាល់សេដ្ឋកិច្ចពីការរំខានដល់ពាណិជ្ជកម្មប្រេង និងហ្គាស ខណៈអង្គការសហប្រជាជាតិ បានដាស់តឿនថា វិបត្តិសន្តិសុខស្បៀងអាហារ គឺមានភាពបន្ទាន់ជាង ដែលទាមទារឱ្យមានការបើកចំហច្រកសមុទ្ទជាបន្ទាន់ សម្រាប់ទំនិញកសិកម្ម ដើម្បីសង្គ្រោះជីវិតមនុស្សរាប់សិបលាននាក់ដែលកំពុងរស់លើផែនដី៕




