
ទីក្រុងតៃប៉ិ៖ កងកម្លាំងយាមឆ្នេរកោះតៃវ៉ាន់ នៅថ្ងៃទី១៥ ខែឧសភានេះ បានដាក់សម្ពោធនាវាល្បាតបច្ចេកវិទ្យាខ្ពស់ចុងក្រោយគេ ក្នុងចំណោមនាវាថ្មីទាំង១២គ្រឿង ដែលត្រូវបានរចនាឡើងយ៉ាងពិសេសអាចបំពាក់គ្រាប់មីស៊ីលបានក្នុងករណីមានសង្គ្រាម។ ការបំពាក់គ្រឿងវុធធុនធ្ងន់លើនាវាយាមឆ្នេរនេះ បានបង្ហាញឱ្យឃើញពីការផ្លាស់ប្ដូរយុទ្ធសាស្ត្ររបស់កោះតៃវ៉ាន់ ក្នុងការទប់ទល់នឹងការគំរាមកំហែងកាន់តែខ្លាំងពីសំណាក់ប្រទេសចិន...។

នាវាប្រភេទថ្មីនេះ (អំបូរ Anping) គឺជាប្រភេទនាវាល្បឿនលឿន និងមានសមត្ថភាពអាចគេចពីការចាប់រ៉ាដារបស់សត្រូវ។ វាមានសមត្ថភាពខ្ពស់ក្នុងការវាយប្រហារនាវាចម្បាំងធំៗ ខណៈពេលដែលកំពុងធ្វើប្រតិបត្តិការនៅជិតឆ្នេរសមុទ្ទតៃវ៉ាន់។ លោកស្រី គ័ន បីលីង (Kuan Bi-ling) រដ្ឋមន្ត្រីក្រសួងកិច្ចការសមុទ្ទតៃវ៉ាន់ បានបញ្ជាក់ថា បច្ចុប្បន្នកងយាមឆ្នេរមិនមែនត្រឹមតែអនុវត្តច្បាប់សមុទ្ទធម្មតាប៉ុណ្ណោះទេ ប៉ុន្តែពួកគេមានភារកិច្ចការពារអធិបតេយ្យភាពជាតិ និងទឹកដីមាតុភូមិផងដែរ។ លោកស្រីបានបន្ថែមថា៖«ប្រសិនបើស្ថានភាពឈានដល់ការផ្ទុះអាវុធ នាវាទាំងនេះនឹងត្រូវបញ្ចូលទៅក្នុងប្រព័ន្ធការពារជាតិភ្លាមៗ ដើម្បីក្លាយជាកម្លាំងដ៏សំខាន់នៅជួរមុខនៃសមរភូមិសមុទ្ទ»។

ការបង្ហាញកម្លាំងយោធានេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក ស៊ី ជីនពីង បានព្រមានលោក ដូណាល់ ត្រាំ ថាបញ្ហាកោះតៃវ៉ាន់អាចរុញច្រានទំនាក់ទំនងចិន-អាម៉េរិក ឱ្យធ្លាក់ចូលក្នុងគ្រោះថ្នាក់។ បច្ចុប្បន្ន កងឆ្មាំចាំយាមឆ្នេរតៃវ៉ាន់ កំពុងស្ថិតនៅជួរមុខគេក្នុងការប្រឈមមុខនឹងយុទ្ធសាស្ត្រ «តំបន់ប្រផេះ» របស់ចិន ដែលតែងតែបញ្ជូននាវា និងយន្តហោះចម្បាំងមកក្បែរកោះតៃវ៉ាន់ជារៀងរាល់ថ្ងៃ ដើម្បីស្ទាបស្ទង់ និងធ្វើឱ្យកម្លាំងការពារជាតិរបស់កោះតៃវ៉ាន់ចុះខ្សោយ៕



