
រដ្ឋធានីហាណូយ៖ មិនមែនមានតែហ្វីលីពីន ឬឥណ្ឌូណេស៊ីទេ ពេលនេះ វៀតណាម ក៏កំពុងសម្រុកបញ្ជាទិញកំពូលអាវុធរបស់ឥណ្ឌាដែរ នោះគឺ «មីស៊ីលលឿនជាងសំឡេង BrahMos» ខណៈប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានក្លាយជាប្រទេសចុងក្រោយគេ ដែលឈានចូលដល់កិច្ចចរចាទិញមីស៊ីលលឿនជាងសំឡេង BrahMos របស់ឥណ្ឌា ទន្ទឹមនឹងក្រសួងការពារជាតិនៅទូទាំងអាស៊ី និងតំបន់ផ្សេងទៀត កាន់តែច្រើនឡើង ហាក់កំពុងមើលរំលងប្រព័ន្ធអាវុធដែលផលិតដោយលោកខាងលិច...។

រដ្ឋធានីញូវដេលី-ហាណូយ កំពុងស្ថិតក្នុងដំណាក់កាលចរចាកម្រិតខ្ពស់លើកិច្ចព្រមព្រៀងដែលមានតម្លៃប្រហែល៧០០លានដុល្លារអាម៉េរិក ដោយការចរចាមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីវៀតណាម លោក តូ ឡឹម (To Lam) ទៅកាន់ប្រទេសឥណ្ឌានៅសប្តាហ៍នេះ។ លោកបានជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី (Narendra Modi), រដ្ឋមន្ត្រីការពារជាតិ លោក រជ្ជណាត សឹង្ហ (Rajnath Singh) និងមន្ត្រីឥណ្ឌាជាន់ខ្ពស់ផ្សេងៗទៀត។ ប្រសិនបើកិច្ចព្រមព្រៀងនេះត្រូវបានសម្រេចមែននោះ វៀតណាមនឹងក្លាយជាប្រទេសទី៣ ដែលទទួលបានប្រព័ន្ធមីស៊ីលតម្រង់ទិស ឬមីស៊ីលគ្រូសលឿនជាងសំឡេង បន្ទាប់ពីការបញ្ជាទិញតម្លៃ៣៧៥លានដុល្លាររបស់ហ្វីលីពីន ក្នុងឆ្នាំ២០២២ និងកិច្ចព្រមព្រៀងរបស់ឥណ្ឌូណេស៊ីកាលពីខែមីនា ដើម្បីបញ្ចប់កិច្ចសន្យាដែលមានតម្លៃយ៉ាងហោចណាស់៣៤០លានដុល្លារ។

មីស៊ីល BrahMos មិនមែនជាមីស៊ីលធម្មតាឡើយ! មិនធម្មតាក៏នៅត្រង់ថា វាផ្អែកលើការរួមបញ្ចូលគ្នារវាងសមត្ថភាពបច្ចេកទេសសុទ្ធសាធ និងសមត្ថភាពប្រយុទ្ធជាក់ស្តែង។ គេនៅចាំបានថា កាលពីខែឧសភា ឆ្នាំ២០២៥ ឥណ្ឌាបានប្រើមីស៊ីលនេះកម្ទេចគោលដៅជាច្រើនក្នុងប្រទេសប៉ាគីស្ថាន ក្នុងប្រតិបត្តិការ «Operation Sindoor» ដើម្បីសងសឹកឱ្យជនស៊ីវិល បន្ទាប់ពីមានការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធនៅក្នុងតំបន់ប៉ាហាល់ហ្កាម(Pahalgam) នៃតំបន់កាស្មៀគ្រប់គ្រងដោយឥណ្ឌា ដែលបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់២៦នាក់។ មីស៊ីល BrahMos គឺជាអាវុធល្បឿនលឿនជាងសំឡេង ដែលកំពុងក្លាយជាទីចំណាប់អារម្មណ៍ខ្លាំងនៅអាស៊ី ព្រោះថា អាវុធសហរដ្ឋអាម៉េរិក និងលោកខាងលិច មានលក្ខខណ្ឌស្មុគស្មាញខ្លាំង។

បច្ចុប្បន្ន មានជាង១៥ប្រទេសហើយ ដែលកំពុងតម្រង់ជួរចង់បានមីស៊ីលនេះ។ គួរបញ្ជាក់ថា វៀតណាមនឹងក្លាយជាម្ចាស់មីស៊ីល BrahMos ទី៣ ក្នុងតំបន់ បន្ទាប់ពីហ្វីលីពីន និងឥណ្ឌូណេស៊ី។ នេះបង្ហាញថា ឥទ្ធិពលយោធារបស់ឥណ្ឌាកំពុងសាយភាយពាសពេញតំបន់អាស៊ីអាគ្នេយ៍។ មានសំណួរជាច្រើនចោទសួរថា តើឥណ្ឌាបើកដៃលក់មីស៊ីលលឿនជាងសំឡេងឱ្យឥណ្ឌូណេស៊ី ហ្វីលីពីន និងវៀតណាម គឺក្នុងចេតនា ដើម្បីទប់ទល់ឥទ្ធិពលចិនក្នុងសមុទ្ទចិនខាងត្បូងឬយ៉ាងណា...? ប្រសិនបើថៃនៅតែបន្តគំរាមកំហែងកម្ពុជាបែបនេះ តើរាជរដ្ឋាភិបាល គួរពិចារណាបញ្ជាទិញមីស៊ីលលឿនជាងសំឡេង BrahMos នេះដែរឬទេ?...៕




