
រដ្ឋធានីវ៉ាស៊ីនតោន៖ នៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយពិភពលោកដ៏ស្មុគស្មាញដូចសម្បុកពីងពាង ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានផ្ញើសារព្រមានធ្ងន់ៗទៅកាន់រដ្ឋធានីតេហេរ៉ង់ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះថា លោកអស់ការអត់ធ្មត់ចំពោះអ៊ីរ៉ង់តទៅទៀតហើយ ប្រសិនបើគ្មានកិច្ចព្រមព្រៀងសន្តិភាពកើតឡើងក្នុងពេលឆាប់ៗនេះទេ...។

នៅក្នុងបទសម្ភាសផ្តាច់មុខជាមួយកម្មវិធី «Hannity» នៃទូរទស្សន៍ Fox News លោក ត្រាំ បានសង្កត់ធ្ងន់ដោយឥតលាក់លៀមថា៖«ខ្ញុំនឹងមិនបន្តអត់ធ្មត់ខ្លាំងទៀតទេ! ពួកគេ[អ៊ីរ៉ង់] គួរតែធ្វើកិច្ចព្រមព្រៀង»។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលបំផុតនោះ គឺលោក ត្រាំ បានលើកឡើងថា ការព្យាយាមដកហូតសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់ចេញពីអ៊ីរ៉ង់ គឺជាមធ្យោបាយដើម្បីសន្តិសុខក្នុងតំបន់ និងសកល។ លោកបញ្ជាក់បន្ថែមថា ទោះបីជាការទទួលបានសារធាតុទាំងនោះធ្វើឱ្យលោកមានអារម្មណ៍ល្អក៏ដោយ ប៉ុន្តែវាមិនមែនជាកត្តាចាំបាច់ដាច់ខាតក្នុងកម្រិតបច្ចេកទេសនោះឡើយ។ សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងចំពេលដែលបទឈប់បាញ់រយៈពេល៥សប្តាហ៍ រវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ កំពុងស្ថិតលើផ្លូវបំបែកផុយស្រួយបំផុត។

ជាការឆ្លើយតបទៅនឹងសម្ពាធរបស់សហរដ្ឋអាម៉េរិក អ្នកនាំពាក្យសភាអ៊ីរ៉ង់ លោក អេប្រាហ៊ីម រ៉េហ្សៃ (Ebrahim Rezaei) បានព្រមានថា អ៊ីរ៉ង់នឹងដំឡើងកម្រិតចម្រាញ់អ៊ុយរ៉ាញ៉ូមឱ្យដល់៩០ភាគរយភ្លាមៗ ប្រសិនបើរងការវាយប្រហារម្ដងទៀត។ ក្រុមសិទ្ធិមនុស្សអន្តរជាតិ បានរិះគន់យ៉ាងចាស់ដៃលើវោហាសាស្ត្ររបស់លោក ត្រាំ ដែលបានប្រើពាក្យសម្តីគំរាមកំហែងបំផ្លាញអារ្យធម៌អ៊ីរ៉ង់ និងការបញ្ជាឱ្យកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក ធ្វើសកម្មភាពដូចចោរសមុទ្ទ ដើម្បីឡោមព័ទ្ធកំពង់ផែអ៊ីរ៉ង់ នៅច្រកសមុទ្ទហ័រមូស្ស។ គួររំឭកថា ជម្លោះប្រដាប់អាវុធនៅជម្ឈិមបូព៌ា បានផ្ទុះឡើងតាំងពីថ្ងៃទី២៨ ខែកុម្ភៈ បន្ទាប់ពីសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល បានរួមដៃគ្នាបើកការវាយប្រហារលើទឹកដីអ៊ីរ៉ង់ បង្កឱ្យមានការវាយបកវិញយ៉ាងសាហាវទៅលើអ៊ីស្រាអែល និងមូលដ្ឋានទ័ពសហរដ្ឋអាម៉េរិកនៅតំបន់ឈូងសមុទ្ទ។ គួរបញ្ជាក់ថា សង្គ្រាមនេះ បានឆក់យកជីវិតមនុស្សរាប់ពាន់នាក់ និងបង្កឱ្យមានជនភៀសខ្លួនរាប់លាននាក់នៅទូទាំងតំបន់មជ្ឈិមបូព៌ា ជាពិសេសនៅប្រទេសលីបង់ និងអ៊ីរ៉ង៕




