
រដ្ឋធានីហាណូយ៖ គេមើលឃើញលោក តូ ឡឹម (To Lam) ជាមេដឹកនាំដែលពោរពេញដោយថាមពល និងកំពុងទាក់ទាញការចាប់អារម្មណ៍ជាខ្លាំង ព្រោះលោកសកម្ម និងព្យាយាមនាំកេរ្តិ៍ឈ្មោះវៀតណាមឆ្ពោះទៅកាន់ឆាកអន្តរជាតិ ព្រមទាំងចាក់គ្រឹះទំនាក់ទំនងជាមួយមហាអំណាចធំៗលើលោក។ ចាប់តាំងពីបានឡើងកាន់តំណែងកំពូលរបស់ប្រទេស មេដឹកនាំដ៏មានឥទ្ធិពលបំផុតមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ បានខ្នះខ្នែងយ៉ាងខ្លាំង ដោយបានចាប់ដៃ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនានានៅរដ្ឋធានីប៉េកាំង វ៉ាស៊ីនតោន ព្យុងយ៉ាង និងម៉ូស្គូ។

ក្រៅពីនេះ កាលវិភាគធ្វើដំណើររបស់លោក ក៏រួមមានទាំងការឈប់ចតនៅរដ្ឋធានីញូវដេលី ប្រទេសឥណ្ឌា, រដ្ឋធានីហែលស៊ិនគី ប្រទេសហ្វាំងឡង់, រដ្ឋធានីប៉ារីស ប្រទេសបារាំង, រាជធានីឡុងដ៍ ចក្រភពអង់គ្លេស និងរដ្ឋធានីមួយចំនួនទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមើលទៅមិនសូវដូចជាគោលនយោបាយការទូតធម្មតានោះទេ ប៉ុន្តែវាប្រៀបដូចជាការដើរទស្សនកិច្ចស្ទើរគ្រប់ច្រកល្ហក ជុំវិញពិភពលោក។ ក្រុមអ្នកវិភាគបានលើកឡើងថា ៖«ស្របពេលដែលមេដឹកនាំមុនៗបានអនុវត្តការទូតបែបអត់ធ្មត់ និងរង់ចាំឆ្លើយតប លោក តូ ឡឹម កំពុងកំណត់ប្រទេសវៀតណាមជាមហាអំណាចកណ្តាលមួយដ៏លេចធ្លោ។ [វា]មិនមែនគ្រាន់តែជាប្រទេសមួយដែលកំពុងស្វែងរកច្រកចេញវាងការប្រកួតប្រជែងរបស់មហាអំណាចនោះទេ ប៉ុន្តែជាប្រទេសមួយដែលកំពុងរៀបចំលក្ខខណ្ឌនៃការចូលរួមរបស់ខ្លួន»។ សម្រាប់ប្រទេសវៀតណាម ដែលធ្លាប់តែប្រើសិល្បៈការទូតបែបស្ងប់ស្ងាត់ រេរាំទៅតាមខ្យល់ និងបត់បែនដើម្បីរស់ក្នុងឆាកនយោបាយអន្តរជាតិ ប៉ុន្តែយុទ្ធសាស្ត្រថ្មីនេះ គឺជាការផ្លាស់ប្ដូរដ៏គួរឱ្យភ្ញាក់ផ្អើល ដែលប្រទេសនានាកំពុងចោលភ្នែកមើល៕




