
រដ្ឋធានីហាណូយ៖ គ្រោះធម្មជាតិភ្លៀងធ្លាក់ដុំទឹកកក និងខ្យល់កន្ត្រាក់យ៉ាងខ្លាំងក្លា បានវាយប្រហាររដ្ឋធានីហាណូយ និងខេត្តមួយចំនួននៅភាគខាងជើងប្រទេសវៀតណាម កាលពីល្ងាចថ្ងៃសៅរ៍ រហូតដល់ព្រឹកព្រលឹមថ្ងៃអាទិត្យទី៣ ខែឧសភានេះ។ហេតុការណ៍នេះ បានបណ្ដាលឱ្យមនុស្ស៥នាក់រងរបួស និងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិ និងកសិផលរបស់ប្រជាពលរដ្ឋ។

យោងតាមរបាយការណ៍ពីអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តចំនួន៦ រួមទាំងរដ្ឋធានីហាណូយ បានជួបប្រទះនឹងភ្លៀងធ្លាក់ដុំទឹកកកដែលមានទំហំចន្លោះពី៤ទៅ៥សង់ទីម៉ែត្រ។ ខ្យល់កន្ត្រាក់បានបោកបក់របើកដំបូលផ្ទះអស់ប្រមាណ៣៥០ខ្នង ក្នុងនោះខេត្ត Thai Nguyen រងគ្រោះធ្ងន់ធ្ងរជាងគេ គឺមានផ្ទះចំនួន៣០៩ខ្នង ត្រូវបានបំផ្លាញ រួមទាំងសាលារៀនចំនួន៦ខ្នង និងបង្គោលភ្លើងចំនួន១២ដើម បណ្ដាលឱ្យមានការដាច់ចរន្តអគ្គិសនីនៅក្នុងតំបន់។

ក្រៅពីការខូចខាតសំណង់ផ្ទះសម្បែង ផ្ទៃដីកសិកម្មប្រមាណ៩១៩ហិកតា ភាគច្រើនជាស្រូវ និងដំណាំផ្សេងៗត្រូវបានបំផ្លាញទាំងស្រុង។ បច្ចុប្បន្ន អាជ្ញាធរមូលដ្ឋានកំពុងបន្តចុះពិនិត្យ និងវាយតម្លៃទំហំនៃការខូចខាតជាក់ស្ដែង ដើម្បីដាក់ចេញវិធានការជួយសង្គ្រោះ និងស្ដារឡើងវិញនូវជីវភាពរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារបាតុភូតអាកាសធាតុដ៏អាក្រក់នេះ៕



